នយោបាយ
ក្រុមអ្នកនយោបាយ អំពាវនាវឲ្យពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា
ក្រុមអ្នកនយោបាយជាច្រើនរូប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។ ការអំពាវនាវនេះ គ្រាដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវចាប់ផ្ដើមនាខែក្រោយនេះហើយ។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋរូបណា មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២១នេះទេ គឺមិនអាចបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នោះឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។

លោក សុខ ឥសាន មានប្រសាសន៍យ៉ាងដូច្នេះថា «រឿងដែលប្រជាពលរដ្ឋ ត្រូវចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមលក្ខណៈបោះឆ្នោតនាពេលខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអំពាវនាវ ហើយស្រង់ស្ថិតិលើកទឹកចិត្ត ឲ្យបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានរៀងៗខ្លួនហើយ»។
រីឯលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងដែរថា ការចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយអាចបោះឆ្នោតបាននោះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត ត្រូវតែទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយ គ.ជ.ប។

លោក ពេជ្រ ស្រស់ មានប្រសាសន៍យ៉ាងដូច្នេះថា «អញ្ចឹងខ្ញុំសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ កុំព្រងើយកន្តើយ ចំពោះការចុះឈ្មោះបោះឆ្នោតនេះ វាមានសារៈសំខាន់ណាស់ ពីព្រោះវាជាកាតព្វកិច្ច សម្រាប់សម្រេចជោគវាសនាប្រទេសជាតិ និងសម្រេចនូវមេដឹកនំាណាមួយ ដែលខ្លួនស្រលាញ់ ក្នុងនាមខ្ញុំជាប្រធានគណបក្សនយោបាយមួយរូប ខ្ញុំដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ ចំពោះការចូលរួមចុះឈ្មោះបោះឆ្នោតនេះ…ហើយខ្ញុំនឹងណែនាំ ដល់មន្ត្រីគណបក្សយុវជន ឲ្យពិនិត្យមើលចំពោះសមាជិក-សមាជិកា ដែលគាំទ្រគណបក្សយុវជនកម្ពុជា ថាតើពួកគាត់ បានទៅចុះឈ្មោះបោះឆ្នោតហើយ ឬនៅ? បើគាត់មិនបានទៅ យើងនឹងស្នើឲ្យគាត់ទៅ ឬក៏ជម្រាបឲ្យគាត់ទៅ»។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងដែរថា គណបក្សរបស់លោក នឹងចេញសេចក្ដីអំពាវនាវមួយ ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ។ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងអាចចេញលិខិតចំហមួយ ជូនសាធារណជន ជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមពិនិត្យបញ្ជី ឬក៏ចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ»។

មិនខុសពីអ្នកនយោបាយទាំង ៣រូបខាងលើនេះទេ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។

លោក គង់ ម៉ូនីកា មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឆ្លៀតឱកាសនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្អូនៗ ដែលជាយុវជន ដែលទើបតែគ្រប់អាយុ ឬនឹងគ្រប់អាយុ ក្នុងពេលខាងមុខនេះ អញ្ជើញទៅចុះឈ្មោះបោះ ឆ្នោត ឬក៏ទៅពិនិត្យមើលឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវ ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានសឱកាស របស់យើងរៀងរាល់ការបោះឆ្នោតហ្នឹង ឬថា អាចអនុវត្តនូវសិទ្ធិបោះឆ្នោតរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រសិនជាយើងខកខាន មិនរវីរវល់ក្នុងការពិនិត្យបញ្ជីបោះឆ្នោត ឬក៏ទៅចុះឈ្មោះបោះឆ្នោតនោះទេ គឺថាយើងនឹងខកខាន ឱកាសក្នុងការបញ្ចេញសិទ្ធិរបស់ខ្លួន ហើយក៏ខកខានក្នុងការជ្រើសរើស នូវតំណាងរបស់ខ្លួននៅថ្នាក់មូលដ្ឋាន ក៏ដូចជាថ្នាក់ជាតិផងដែរ»។
សូមជម្រាបថា តាមការបរិច្ឆេទរបស់ គ.ជ.ប គឺការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។ តាមការប៉ាន់ស្មានរបស់គ.ជ.ប នៅឆ្នាំ២០២១នេះ គឺគ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់។ រីឯអ្នកដែលត្រូវលុបឈ្មោះចេញ ដោយសារបញ្ហាផ្សេងៗ គឺមានចំនួន ៨៣, ០៤៣នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


