Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ជាពិសេសកុមារអាយុ ៣ឆ្នាំដល់ ៥ឆ្នាំ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសកុមារមានអាយុ ៣ ដល់ ៥ឆ្នាំ តែម្ដង។

លោកជំទាវផ្ដាំផ្ញើខាងលើនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់ ២១ ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

កម្មវិធីនេះផងដែរ ក៏មានវត្តមានលោកនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន អស់លោក-លោកស្រី សមា ជិក-សមាជិកា រដ្ឋសភា-ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៊ីម លោកឧត្តមសេនីយ៍ឯក សៀន សេង និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើង​វត្ត ជាច្រើនរូបទៀត។

លោកជំទាវបានថ្លែងថា ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ  និងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះ ទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ។

លោកជំទាវ បានកោតសសើរដល់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានដឹកនាំ និងកសាងនូវរាល់សមិទ្ធិផល ក្នុងខេត្តមានការរីកចំរើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។  ដោយឡែកសមិទ្ធិផល ដងទង់ថ្មី ១គូរ ថ្ងៃនែះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លា របស់លោកឧត្តមសេនីយ៍ឯក សៀន សេង និងលោកស្រី សៀង ស៊ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ ២.៤០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា។

លោកជំទាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ៖

ទី១. បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍«៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ។

ទី២. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍មេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទ «អូមីក្រុង»។

ទី៣. ថែរក្សា ការពារ នូវសមិទ្ធិផលនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា។

ទី៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជំរុញក្នុងការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋាន ទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់ សម្រាប់ដូសទី ១ កុមារមានអាយុ ៣ ដល់៥ឆ្នាំ និងការបន្តចាក់ដូសទី ៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ដល់១២ឆ្នាំ ស្របតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូល ក្នុងសហគមន៍បន្តទៀត តែម្ដង៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម