Connect with us

ព័ត៌មានជាតិ

លោកស្រី មិថុនា ភូ​ថង ប្រាប់​ដល់​មន្ត្រី​គ្រប់រូប​គោរព​ក្រមសីលធម៌ និង​ភារកិច្ច មិន​ត្រូវ​ឆ្លៀតឱកាស​ទាញ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន

បានផុស

នៅ

កោះកុង​ ៖ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​ជា​ស្ត្រី​នៅ​ខេត្តកោះកុង ប្រាប់​ដល់​គ្រប់​មន្ត្រីរាជការ​ឱវាទ​ទាំងអស់​ត្រូវគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​ដោយ​ត្រូវ​ចាត់ទុកថា​ខ្លួន​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ហើយ​មិនត្រូវ​ឆ្លៀតឱកាស​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​

​ការគូសបញ្ជាក់​យ៉ាង​ដូច្នេះ​របស់លោក​ស្រី មិថុនា ភូ​ថង គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាលខេត្ត​។

​លោកស្រី​អភិបាលខេត្ត ក៏​ស្នើ​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​តួនាទី ភារកិច្ច ដូចជា សាមគ្គីភាព​គ្នា​ល្អ ប្រកាន់​នូវ​អត្ត​ច​រិ​ក​ថ្លៃថ្នូរ មាន​ភាពជិតស្និទ្ធ​ជាមួយ​ប្រជាជន និង​បានផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​។ ទន្ទឹមនឹងនេះ ក៏មាន​មន្ត្រីរាជការ​មួយចំនួន​តូច ឆ្លៀតឱកាស​ប្រើប្រាស់​មុខងារ តួនាទី ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​លោកស្រី មិថុនា ភូ​ថង រំលេច​ទៀតថា ចំពោះ​មន្ត្រីរាជការ​គឺ​មានតែ​ការគោរពវិន័យ ការលើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ភាពស្មោះត្រង់​ចំពោះ​តួនាទី ភារកិច្ច និង​ភាពថ្លៃថ្នូ​ក្នុង​វិជ្ជាជីវៈ​ការងារ​ប៉ុណ្ណោះ ទើប​អាច​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ​បានល្អ​ប្រសើរ​។

​តែ​ទោះយ៉ាងណា លោកស្រី​អភិបាលខេត្ត​កោះកុង វាយតម្លៃ​ខ្ពស់​ពី​សមិទ្ធផល​ដែល​សម្រេច​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ត្បិត​ខេត្ត​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ជួប​វិបត្តិ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្តី ដោយមាន​ការចូលរួម​យ៉ាងសកម្ម និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក លោកស្រី​ទាំងអស់ និង​សូម​សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់ ព្រមទាំង ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​អង្គការ សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​ទាំងអស់​។

២​ឆ្នាំ​កន្លង​ទៅ​នេះ ពោលគឺ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ខេត្តកោះកុង ក៏ដូចជា​បណ្តា​ខេត្ត​ដទៃទៀត​ទូទាំងប្រទេស បាន​ខិតខំ​ពុះពារ​ជម្នះ និង​ឆ្លងកាត់​នូវ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ព្រោះតែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ សេដ្ឋកិច្ច​-​សង្គម ជាពិសេស​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែម្តង​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការលំបាក​នានា​ដែល​បាន​កើតឡើង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលការណ៍ និង​វិធានការ​ដ៏​មុត​ស្រួច​ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងី​កូ​វីដ​-១៩ ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​បង្ការ​ការពារ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បង្កើតឱ្យមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​។​

ការផ្តល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​កម្មករ រោងចក្រ សហគ្រាស ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ការធ្វើអន្តរាគមន៍​នានា​ដើម្បី​ទប់​ទំ​នឹង​សេដ្ឋកិច្ចសង្គម​កុំឱ្យ​ដួលរលំ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ការធានា​ឱ្យ​ដំណើរ​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ដើម្បី​ផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា ព្រមទាំង​វិធានការ​ចាំបាច់​នានា​ជាច្រើន​ទៀត​ក្នុងការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​-​សង្គម ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។

​បើតាម​លោកស្រី មិថុនា​ភូ​ថង កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដែល​បាន​បង្កលក្ខណៈ​សម្បត្តិ​ដល់​ប្រទេស​យើង​អាច​បើក​ឱ្យ​ដំណើការ​ឡើងវិញ នូវ​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​លើ​គ្រប់​វិស័យ​ទាំងអស់ ហើយ​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ក៏បាន​ធ្វើ​សកម្មភាព​ពេញលេញ​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយ​បង្ក​ឱកាស​ឱ្យ​យើងទាំងអស់គ្នា​បានមក​ជួបប្រជុំគ្នា​ដោយផ្ទាល់​ក្នុង​ពិធី​សន្និបាត នាពេលនេះ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម