ព័ត៌មានជាតិ
ប្រាក់ សុខុន ថា OIF តែងតែបង្ហាញនូវស្មារតីពហុភាគីនិយម ហើយគឺជាអ្វីដែលពិភពលោកបច្ចុប្បន្នកំពុងត្រូវការ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា រយៈពេលជាងពីរឆ្នាំប៉ុណ្ណោះ ពិភពលោកបានឆ្លងកាត់បញ្ហាយ៉ាងខ្លាំង ដែលនាំឱ្យពិភពលោកបាននឹងកំពុងប្រឈមនឹងបញ្ហាថ្មីៗមួយចំនួន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបែបនេះ ខណៈដែលលោកបានស្វាគមន៍ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ហើយស្របពេលជាមួយនឹងពិធីបើកនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ និងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីព្រឹកទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា “គ្រាន់តែជាងពីរឆ្នាំប៉ុណ្ណោះ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលនាំឱ្យយើងបាននឹងកំពុងប្រឈមនឹងបញ្ហាថ្មីៗមួយចំនួន។ OIF តែងតែបង្ហាញនូវស្មារតីពហុភាគីនិយម ហើយនេះ គឺជាអ្វីដែលពិភពលោកបច្ចុប្បន្នកំពុងត្រូវការជាងពេលណាៗទាំងអស់។ យើងសង្ឃឹមថា ស្មារតីមួយនេះ នឹងដឹកនាំយើងជំនះនូវរាល់ឱបសគ្គ ជាពិសេសក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជា និងការប្រែប្រួល។

លោកស្រី Louise Mushikiwabo អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នេះបើតាមក្រសួងការបរទេស។
នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី នឹងចូលរួមជាអធិបតីជាមួយលោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្ត្រីកម្ពុជា។

បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មាន បំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ផង នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួន៣ រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូន ជិត៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់ កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតា ស្ថាបនិកនៃអង្គការ OIF៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


