ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្រៅពីភារកិច្ចស្នូល កងទ័ពក៏មានតួនាទីសំខាន់ក្នុងបេសកកម្ម សង្គ្រោះគ្រោះមហន្តរាយ
ការលើកឡើង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី ៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី ៦ របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រតិបត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយ នៃប្រតិបត្តិការពិសេសពាក់ព័ន្ធទាំងផ្នែកការទូត ច្បាប់ និងយុទ្ធវិធី ដែលទាមទារឲ្យមានការសម្របសម្រួល ដឹកនាំបញ្ជាតាមឋានានុក្រម និងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់។ ជាពិសេសការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាព ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារៈ ឲ្យបានគ្រប់គ្រាន់ផងដែរ។

លោកថា ការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ គឺជាផ្នែកមួយនៃការកសាងសមត្ថភាព របស់បណ្តាយោធភូមិភាគ និងកងពលធំចំណុះកងទ័ពជើងគោក ក្នុងនាមជាកម្លាំងខ្សែត្រៀមទី ១ នៅតាមមូលដ្ឋានបំពេញបន្ថែមឲ្យកងកម្លាំងប្រឆាំងភេរវកម្មថ្នាក់ជាតិ ស្របទៅនឹងការរៀបចំកែសម្រួលរចនាសម្ព័ន្ធថ្មី និងការប្រគល់ភារកិច្ចបំពេញបន្ថែម ពាក់ព័ន្ធនឹងកិច្ចការប្រឆាំងភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ចំពោះមុខរបស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្រួចស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោកនៅឡើយ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជា៖ គ្រោះទឹកជំនន់ និងការបាក់រលំអគារជាដើម។ ដូច្នេះការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ក៏មានសារៈសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលបំប៉នឲ្យយោធិន ជាសិក្ខាកាមមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។

លោកបានថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានទ័ពពិសេស និងបានវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលពិតជាបានជួយបង្កើនលទ្ធភាពរបស់អង្គភាព លើការសម្រួលដោះស្រាយតម្រូវការចាំបាច់ ក្នុងការងារហ្វឹកហ្វឺន និងតម្រូវការប្រចាំថ្ងៃផ្សេងៗរបស់អង្គភាព៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


