ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
នេះជាការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈអញ្ជើញធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គី កសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលតែងបានខិតខំកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានផ្តល់ជាផលលាភ ជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់។ ក្នុងនោះ ការរីកចម្រើននៃពុទ្ធិកសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋ ក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស។


លោកថា សាសនាទាំងអស់ គឺអប់រំមនុស្សឲ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដោយបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ដើម្បីចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញក្នុងផ្លូវខុស ដែលអាចប្រែក្លាយទៅជាការបំផ្លិចបំផ្លាញទៅវិញ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការពង្រឹងផ្នែកពុទ្ធចក្រ មិនមែនពង្រឹងតែខាងសាសនានោះទេ។ ប៉ុន្តែជាការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានសមត្ថភាពប្រកបដោយសីលធម៌ និងគុណធម៌។ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត ឲ្យមនុស្សប្រព្រឹត្តនូវអំពើជាកុសល ហើយអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឲ្យដល់កុលបុត្រ កុលធីតាជាសិស្ស-និស្សិត ដើម្បីឲ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ទាក់ទងដល់វិសស័យពុទ្ធសាសនា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ “ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា” ដែលបានចាប់ផ្តើមបើកដំណើរការនាខែធ្នូឆ្នាំ ២០០៤ ជាពុទ្ធិកមហាវិទ្យាល័យ ហើយបានវិវឌ្ឍជាពុទ្ធិកសាកលវិទ្យាល័យ នាខែកក្កដា ឆ្នាំ ២០០៧ ដោយបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត និងនិស្សិត ទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនម៉ឺនអង្គ/នាក់ ឲ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធនមនុស្សដ៏ចាំបាច់ សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕
អត្ថបទ៖ កោះកែវ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


