ព័ត៌មានជាតិ
លោក សុន ឆ័យ ផ្តល់ចម្លើយបន្ថែម ក្នុងសំណុំរឿង ដែលប្តឹងដោយ គ.ជ.ប
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានផ្តល់ចម្លើយបន្ថែមលើពាក្យបណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ របស់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នេះបើ យោងតាមលិខិតដាក់ជូនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី ២៨ ខែកក្កដា នេះ។

លិខិតលោក សុន ឆ័យ បានលើកឡើងថា នៅក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ នោះ លោកមិនមាន បំណងទាល់តែសោះ ក្នុងការនិយាយបរិហារកេរ្តិ៍ ជាសាធារណៈចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬចំពោះគណបក្សនយោបាយណាមួយ ដោយការឆ្លើយសំណួរទាំងឡាយរបស់អ្នកកាសែតឈ្មោះ តាំង សារ៉ាដា គឺធ្វើឡើងដោយឥតព្រៀងទុក និងបានឆ្លើយ ជាការតស៊ូមតិ នៅពេលដែល គ.ជ.ប មិនទាន់បានប្រកាសលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាផ្លូវការនៅឡើយ។
លោក សុន ឆ័យ បានរៀបរាប់យ៉ាងវែងអន្លាយ ទាក់ទងនឹងសកម្មភាពមួយចំនួន ដែលលោកអះអាងថា ជាភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលកន្លងមក និងបានស្នើសុំឲ្យ គ.ជ.ប ដកពាក្យបណ្តឹងចេញវិញផងដែរ។
ទាក់ទងបញ្ហាខាងលើនេះ កម្ពុជាថ្មីនៅមិនទាន់សុំការបញ្ជាក់បន្ថែមពីតំណាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននៅឡើយទេ ប៉ុន្តែលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ការប្រមាថស្ថាប័នជាតិមួយថាជាចោរ មិនមែនជារឿងសាមញ្ញ ហើយក៏មិនមែនជាការបញ្ចេញមតិដែរ ដូច្នេះត្រូវតែដោះស្រាយគ្នាតាមយន្តការតុលាការ។
លោក សោម សូរីដា បញ្ជាក់យ៉ាងដូច្នេះថា “ការប្រមាថស្ថាប័នជាតិថាជាចោរ គឺជាការប្រមាថមួយ ដែលមិនអាចគិតថា ជារឿងធម្មតា ដែលត្រូវហៅអ្នកប្រមាថមកចរចា ឬជជែកគ្នារកខុសរកក្រៅនោះទេ។ ករណីលោក សុន ឆ័យ ប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនជាជាការបញ្ចេញមតិ ដែល គ.ជ.ប ត្រូវអញ្ជើញលោក សុន ឆ័យ មករកខុសរកត្រូវជាមួយ គ.ជ.ប នោះទេ អីចឹងករណី នេះ គឺជាករណីដែលត្រូវដោះស្រាយគ្នាតាមយន្តការតុលាការ”។
បើតាមលោក សោម សូរីដា បើលោក សុន ឆ័យ គិតថាការប្រមាថ គ.ជ.ប ថាជាចោរបែបនេះ ហើយគិតថា គឺជារឿងធម្មតា លោកស្មានខុសហើយ គិតខុសហើយ។ លោកថា លោក សុន ឆ័យ គួរចេះប្រើប្រាស់ភាសាខ្មែរ ហើយគួរតែប្រើក្នុងន័យមួយ គោរពគ្នាទៅវិញទៅមក រវាងបុគ្គលដែលជាថ្នាក់ដឹកនាំគណបក្សនយោបាយ ជាមួយស្ថាប័នជាតិមួយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោក សុន ឆ័យ កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចូលឆ្លើយបំភ្លឺលើបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបណ្តឹងនេះ គ.ជ.ប បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងធ្វើលិខិតសុំទោសជាសាធារណៈ។
មកដល់ពេលនេះ លោក សុន ឆ័យ ទទួលរងបណ្តឹងចំនួន ២ គឺ ទី ១, បណ្តឹងពាក់ព័ន្ធការចោទ និងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាម ទារសំណងជំងឺចិត្តចំនួន ៤.០០០ លានរៀល ឬប្រហែល ១ លានដុល្លារអាមេរិក។
ទី២, បណ្តឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ៕
អត្ថបទ៖ កោះកែវ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


