Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ពន្យល់​មូលហេតុ​ដែល​លោក ទេព នីថា នៅ​តែ​ជា​អគ្គលេខាធិការ​ គ.ជ.ប ដដែល​បើ​ទោះ​បី​ដាក់​ឱ្យ​ចូល​និវត្តន៍​ក្ដី

បានផុស

នៅ

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប ​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា​លោក​ ទេព នីថា នៅ​តែ​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ គ.ជ.ប ​ដដែល​ បើ​ទោះ​បី​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ដាក់​ឱ្យ​ចូល​និវត្តន៍​ហើយ​ក្ដី​។ លោក​ថា​ការ​ដាក់​ឱ្យ​ចូល​និវត្តន៍​គឺ​ធ្វើ​​តាមច្បាប់ស្តី​ពី​សហ​លក្ខ​ន្តិកៈ​មន្ត្រីរាជ​ការ​ស៊ី​វិល​ តែ​គាត់​នៅ​តែ​អាច​បន្ត​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​នៃ​ស្ថាប័ន​នេះ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហង្ស ពុទ្ធា ​បាន​បញ្ជាក់​មក​កម្ពុជា​ថ្មី​ថា​ ការ​បន្ត​ការងារ​របស់​លោក​ ទេព នីថា និង​មន្ត្រី​មួយ​ចំនួន​ទៀត​ដែល​ដាក់​ឱ្យ​ចូល​និវត្តន៍​គឺ​ដោយ​ផ្អែក​លើ​តម្រូវ​ការ​ចាំ​បាច់​​​​របស់​ស្ថាប័ន​។

លោក​ថា៖ «បន្ទាប់​ពី​ចូល​និវត្តន៍​គឺ​អ្នក​ចូល​និវត្តន៍​នោះ​នៅ​មាន​តួនាទី​នៅ​ឡើយ​ក្នុង​នាម​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​នៅ​ក្នុង​ពេល​ខ្លី​ឬ​វែង​តាម​ការ​តម្រូវ​ការ​ចាំ​បាច់​របស់​ស្ថាប័ន​។ អ៊ីចឹង​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ទោះ​បី​ដាក់​ឱ្យ​ចូល​និវត្តន៍​ក៏​ដោយ​ គឺ​គាត់​ផុត​ទទួល​ទាន​ប្រាក់​បៀវត្ស​ក្នុង​នាម​ជា​អ្នក​រាជការ​ គ... ហើយ​អ្វី​ដែល​ឃើញ​គាត់​បន្ត​ការងារ​គឺ​ក្នុង​នាម​មន្ត្រី​ជាប់​កិច្ច​សន្យា​ឬ​ក៏​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​»

ក្រៅ​ពី​នេះ​លោក​ ហង្ស ពុទ្ធា បាន​បញ្ជាក់​បន្ថែម​ថា​ មន្ត្រី​គ.ជ.ប ដែល​ចូល​និវត្តន៍​អាច​ក្លាយ​ទៅ​ជា​ទី​ប្រឹក្សា ឬ​ជំនួយ​ការ​របស់​គ.ជ.ប​ ដោយ​ផ្អែក​ទៅ​លើ​តម្រូវ​ការ​នៃ​ការងារ​​​។


គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ប្រមុខ​រដ្ឋ​ស្ដី​ទី​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះ​រាជ​ត្រាស់​បង្គាប់​បាន​សម្រេច​ដាក់​អ្នក​រាជ​ការ​ គ.ជ.ប ១០នាក់​ ឱ្យ​ចូល​និវត្តន៍​ក្នុង​ឋានន្តរសក្ដិ​​​​​​ឧត្តម​មន្ត្រី វរមន្ត្រី និង​អនុមន្ត្រី នៃ​ក្រប​ខណ្ឌ​មន្ត្រី​បោះឆ្នោត​ជាន់​ខ្ពស់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២៦​តទៅ​ ដោយ​ក្នុង​នោះ​ក៏​មាន​អគ្គលេខាធិការ​ គ.ជ.ប លោក ទេព នីថា ផង​ដែរ​។

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក ទេព នីថា កើត​នៅ​ឆ្នាំ​១៩៥៤ លោក​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​នៃ​ស្ថាប័ន​បោះឆ្នោត​ជាតិ​នេះ​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ដល់​បច្ចុប្បន្ន​៕

អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម