សេដ្ឋកិច្ច
អាជីវកម្មបរិយាប័ន្ន ជាបណ្ដុំសំខាន់សម្រាប់អនាគតប្រកបដោយនិរន្តរភាពលើកកម្ពស់សហគ្រាសសង្គម
កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ផ្តោតលើការគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្នក្នុងតំបន់អាស៊ាន ជាពិសេសលើអត្ថប្រយោជន៍វិនិយោគ ឧបករណ៍គោលនយោបាយ និងយន្តការគាំទ្រ គោលនយោបាយសម្រាប់អាជីវកម្មបរិយាប័ន្ន។ កិច្ចប្រជុំកំពូលនេះ ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការចំាបាច់ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតនូវបរិយាកាសអំណោយផលមួយនៅក្នុងតំបន់អាស៊ាន និងកិច្ចពិភាក្សាអំពីគំនិតផ្តួចផ្តើមដែលមានសក្តានុពលឆ្ពោះទៅមុខបន្ដទៀតក្រោមយន្ដការតំបន់ដើម្បីលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ដែលក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មបរិយាប័ន្ន ជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា “អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់ហើយសង្ឃឹមថា អាស៊ាន នឹងបន្តដឹកនាំរបៀបវារៈនៃអាជីវកម្មបរិយាប័ន្ន និងដាក់ចេញនូវកម្មវិធីប្រាកដប្រជាបន្ថែមទៀតស្តីពីអាជីវកម្ម បរិយាប័ន្ន ដោយភ្ជាប់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន រួមទាំងក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។’’
លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ប្រព្រឹត្តទៅនៅថ្ងៃទី២៦–២៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ “Hybrid”និងស្ថិតក្រោមបាវចនា “ទាំងអស់គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន- Together ASEAN IBee (Inclusive Business enabling environment)”។
លោក Christian Jahn នាយកប្រតិបត្តិនៃបណ្តាញសកម្មភាពអាជីវកម្មបរិយាប័ន្ន (iBAN) បានកត់សម្គាល់ថា “អាស៊ានកំពុងត្រូវបានសកលលោកចាត់ទុកថា ជាអ្នកត្រួសត្រាយ និងជាអ្នកបំផុសគំនិតសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ចាប់តាំងពីមេដឹកនាំអាស៊ានបានអំពាវនាវឱ្យបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្មកាលពីឆ្នាំ២០១៧ កន្លងមក។ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង លើកដំបូងទៅលើអាជីវកម្មបរិយាប័ន្នក្នុងឆ្នាំ២០១៩ បានរួមចំណែកដល់ការចាប់ផ្តើមនៃកម្មវិធីអភិវឌ្ឍន៍គោលនយោបាយអាជីវកម្មបរិយាប័ន្ន នៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិកផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាននៅឆ្នាំនេះ អ្នកបង្កើតគោលនយោបាយមកពីប្រទេសនីហ្សេរីយ៉ា ហ្សាំប៊ី និងឥណ្ឌា ព្រមទាំងចែករំលែក និងពិភាក្សា អំពីវឌ្ឍនភាពជាមួយដៃគូអាស៊ានរបស់ពួកគេ។កិច្ចសន្ទនានេះបង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយអំពីអាជីវកម្មបរិយាប័ន្ន កំពុងទទួលបានសន្ទុះនៅទូទាំងពិភពលោក ដែលរួមចំណែកឆ្ពោះទៅរកការផ្លាស់ប្តូរទីផ្សារសង្គមអេកូឡូស៊ីសកល។”
លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) បានលើកឡើងថា “ក្រៅពីសកម្មភាពរបស់រដ្ឋាភិបាល វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការស្ដារឡើងវិញនៃសេដ្ឋកិច្ចសម្រាប់អនាគតប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់។ក្នុងន័យនេះ គំរូអាជីវកម្មប្រកបដោយនវានុវត្តន៍ ដូចជាអាជីវកម្មបរិយាប័ន្នកំពុងលេចឡើង ហើយបង្ហាញថាអាជីវកម្មទាំងនោះអាចផ្តល់ទំនិញ សេវាកម្ម និងជីវភាពរស់នៅ ដែលឈរលើគោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណេញ ទៅដល់មនុស្សដែលតែងមើលរំលង ដោយសារតែពួកគេផ្តោតលើតែអាជីវកម្មដែលទទួលបានប្រាក់ចំណេញសុទ្ធ។”
សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយក្រុមប្រឹក្សាផ្នែកប្រឹក្សាធុរកិច្ចអាស៊ាន និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានរៀបចំកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីលៀងសាយភោជន៍ នៃកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ដោយបានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នចំនួន១០មកពីបណ្តាប្រទេសអាស៊ាន សម្រាប់ការអនុវត្តបានយ៉ាងល្អរបស់ពួកគេ ក្នុងការប្រកាន់ខ្ជាប់នូវគោលគំនិតអាជីវកម្មបរិយាប័ន្ន និងបង្កើត ផលប៉ះពាល់សេដ្ឋកិច្ចសង្គមលើក្រុមមនុស្សនៅបាតនៃពីរ៉ាមីត(Base of the Pyramid – BoP)។
អាជីវកម្មបរិយាប័ន្ន គឺជាក្រុមហ៊ុនអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណូល ដែលមាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រនិងប្រជាជនដែលមានចំណូលទាបនៅបាតនៃពីរ៉ាមីត។
ចាប់តាំងពីឆ្នាំ២០២០ មក កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងអាស៊ាន ក្នុងការលើកកម្ពស់
អាជីវកម្មបរិយាប័ន្ន។ នៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទីផ្សារអាជីវកម្ម បរិយាប័ន្នជាលើកដំបូងរបស់ខ្លួន និងបានធ្វើការវាយតម្លៃទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នលើកទី១ ដោយបានទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នចំនួន ១៨។ ក្នុងខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល កម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន (IB Steering Group) ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដោយមានការចូលរួមពីតំណាងក្រសួងនិងស្ថាប័នរាជរដ្ឋាភិបាល និងសមាគមធុរកិច្ច ដើម្បីដឹកនាំគំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៥ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


