ព័ត៌មានជាតិ
កិច្ចប្រជុំអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង និងរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដ៏ក្តៅគគុកជាងគេ
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត បាន និងកំពុងធ្វើឡើងហើយនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ កិច្ចប្រជុំទាំងនេះ ធ្វើឡើងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗផ្សេងទៀត នឹងធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កិច្ចប្រជុំដែលកម្ពុជា ជាម្ចាស់ផ្ទះនៅពេលនេះ មានបញ្ហាធំៗចំនួន៣ នឹងត្រូវលើកឡើងទៅជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ។

បញ្ហាធំៗទាំង៣នេះ រួមមាន ទី១. បញ្ហាហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បញ្ហាមីយ៉ាន់ម៉ានេះ នៅតែជាបញ្ហាក្តៅ និងជាកង្វល់ដ៏ធំសម្រាប់ប្រទេសដែលជាសមាជិកអាស៊ាន និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជាតែម្តង។ កម្ពុជា ជាប្រធានអាស៊ានដោយមានការឯកភាពគ្នាពីសមាជិកអាស៊ានផ្សេងទៀត គឺមិនបានអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាមកចូលរួមប្រជុំទេ តែបានទុកផ្លូវសម្រាប់បេក្ខភាពមីយ៉ាន់ម៉ាដែលមិនពាក់ព័ន្ធនយោបាយអាចចូលរួមបាន។ ប៉ុន្តែ តាមព័ត៌មានចុងក្រោយ គឺមីយ៉ាន់ម៉ា មិនបញ្ជូនជនស៊ីវិលណាមួយមកចូលរួមនោះទេ។ យ៉ាងណាក៏ដោយ ត្បិតថា មីយ៉ាន់ម៉ា មិនមកចូលរួម ក៏កៅអីមីយ៉ាន់ម៉ាដែលទំនេរនៅតែដាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដដែល។

ទី២. បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះ គឺជាបញ្ហាដ៏រ៉ាំរ៉ៃ និងជាកង្វល់ដ៏ធំមួយសម្រាប់ទាំងអាស៊ាន និងកម្ពុជា ជាប្រធានអាស៊ាន។ បញ្ហាជម្លោះនេះ គឺជាការប្រទាញប្រទង់ដណ្តើមដែនកោះ និងដែនទឹកគ្នារវាងមហាយក្សចិន និងប្រទេសសមាជិកអាស៊ានចំនួន៤ គឺព្រុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន។ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានផ្លាស់វេនអាស៊ាន ធ្លាប់បានលើកឡើងថា សម្តេចចង់ឲ្យក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ប្រកាសចេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ។ ប៉ុន្តែ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនាគតអគ្គលេខាធិការថ្មីរបស់អាស៊ាន បានអះអាងប្រាប់«កម្ពុជាថ្មី»ថា បញ្ហាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)នេះ អាចពិបាកបន្តិចក្នុងការសម្រេចបាននៅឆ្នាំនេះ ព្រោះមានបញ្ហាជាច្រើនដែលអាស៊ានត្រូវដោះស្រាយជាចាំបាច់។

ទី៣. បញ្ហាសង្រ្គាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះ ជាបញ្ហាថ្មីបំផុត និងជាកង្វល់ដ៏ធំបំផុតរបស់ពិភពលោក ដូចជា អាស៊ាន។ ពិភពលោក និងប្រទេសសមាជិកអាស៊ានមួយចំនួនធំ មានទាំងកម្ពុជាផង បានចូលរួមបោះឆ្នោតនៅអង្គការសហប្រជាជាតិ ប្រឆាំងនឹងការលើកកងទ័ពទៅវាយលុកអ៊ុយក្រែនពីសំណាក់មហាអំណាចរុស្ស៊ី។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ បញ្ហារុស្ស៊ី និងអ៊ុយក្រែននេះ ក៏ជាបញ្ហាក្តៅគគុកដែលត្រូវលើកមកជជែកពិភាក្សាគ្នាដែរ។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោកDmytro Kuleba បានដល់កម្ពុជាហើយកាលពីយប់ថ្ងៃអង្គារ ហើយនៅព្រឹកថ្ងៃពុធនេះ លោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកDmytro Kuleba បានអរគុណដែលកម្ពុជាតាមរយៈអង្គការសហប្រជាជាតិ បានចូលរួមប្រឆាំងនឹងការវាយលុកអ៊ុយក្រែនពីសំណាក់រុស្ស៊ី។ រីឯ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត បានអះអាងពីជំហររបស់កម្ពុជាថា គឺប្រឆាំងជានិច្ចនឹងការឈានពានដែនអធិបតេយ្យ ឬការផ្តាច់ទឹកដីពីប្រទេសមួយទៅប្រទេសមួយ។

ក្រៅពីបញ្ហាទាំង៣ធំៗខាងលើនេះ ការប្រែប្រួលអាកាសធាតុ ក៏បញ្ហាដែលអាស៊ានត្រូវយកចិត្តទុកដាក់ផងដែរ។ បញ្ហានេះ អាចនិយាយថា មិនមែនជាបញ្ហាថ្មីថ្មោងប៉ុន្មានទេ ព្រោះកន្លងមក មិនថា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំថ្នាក់តំបន់ និងកិច្ចប្រជុំថ្នាក់ពិភពលោកឡើយ គឺតែងតែលើកឡើងជានិច្ចពីបញ្ហានេះ ទោះតិច ឬច្រើន។ ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺនៅក្នុងឆ្នាំ២០២២នេះ បញ្ហាគ្រោះធម្មជាតិ បានលេចឡើងខ្លាំង ហើយវាយប្រហារប្រទេសនានានៅទូទាំងពិភពលោក។ បញ្ហាដែលកើតឡើងខ្លាំងជាងគេនោះ គឺជំនន់ទឹកភ្លៀងដែលជន់លិចប្រទេសនានាទាំងតំបន់អាស៊ី និងនៅតំបន់ផ្សេងៗទៀត។ ដូច្នេះហើយ បញ្ហានេះ គឺមិនអាចមើលរំលងបានទេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅពេលនេះ៕

ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ