ព័ត៌មានអន្ដរជាតិ
តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បានរៀបចំការបះបោរប្រដាប់អាវុធ និងបង្កភាពចលាចលនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្តែមិនដល់រយៈពេល ២៤ ម៉ោងផង ផែនការនោះក៏ត្រូវបានបិទបញ្ចប់ទៅវិញ ក្រោយមានកិច្ចចរចាសម្របសម្រួលមួយចំនួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មានមតិមួយចំនួនលើកឡើងថា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់មេទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះ គ្រាន់តែសេណារីយ៉ូរៀបចំឡើដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដើម្បីជាការបំភាន់ភ្នែកសត្រូវប៉ុណ្ណោះ ។
ដូច្នេះតើភាពចលាចលនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
អ្នកវិភាគបានលើកឡើងពីអង្គហេតុចំនួន ២ ដែលចាត់ទុកថា ភាពចលាចល ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលដឹកនាំដោយមេទាហានស៊ីឈ្នួលរុស្ស៊ីលោក Prigozhin គឺជាការរៀបចំសេណារីយ៉ូរបស់លោក ពូទីន បើទោះជាបីកម្លាំងទាហានស៊ីឈ្នួលវាយសម្រុកចូលកៀកទីក្រុងមូស្គូក៏ដោយ ។

វាអាចជាការបង្វែរដានស្ថានភាពសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានអូសបន្លាយពេលជាង ១ ឆ្នាំមកនេះ ។ សកម្មភាពនេះអាចធ្វើឲ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តធ្វេសប្រហែល និងមិនចាប់អារម្មណ៍ ជាពិសេសចាត់ទុកថា រុស្ស៊ីកំពុងស្ថិតក្នុងភាពចលាចល និងបែកបាក់ផ្ទៃក្នុង ហើយអ៊ុយក្រែននឹងឆ្លៀតឱកាសនោះ បើកការវាយបកកាន់តែធំជាងមុន ។
លោក ពូទីន ធ្លាប់ប្រើយុទ្ធសាស្ត្រ “ដកថយ វាយលុក” ទទួលបានជោគជ័យរួចមកហើយ ជាក់ស្ដែងនៅក្នុងសមរភូមិប្រយុទ្ធនៅទីក្រុង Bakhmut កាលពីប៉ុន្មានខែមុននេះ ។ មុនទទួលបានជោគជ័យដណ្ដើមបានទីក្រុងភាគខាងកើតមួយនេះ ទាហានស៊ីឈ្នួលរុស្ស៊ីដែលជាកម្លាំងស្នូលក្នុងសង្គ្រាមប្រយុទ្ធនៅតំបន់នោះ បានប្រកាសដកថយជាច្រើនលើកច្រើនសារ ដោយធ្វើឲ្យកម្លាំងយោធាអ៊ុយក្រែនភ្លេចខ្លួន ពេលនោះហើយដែលទាហានស៊ីឈ្នួលក្រោមបញ្ជារបស់លោក ពូទីន ឆ្លៀតឱកាសធ្វើការវាយឆ្មក់ដណ្ដើមយកទីក្រុងមួយនេះតែម្ដង ។

អង្គហេតុមួយទៀត គឺជាសម្ដីផ្ទាល់ដែលចេញពីមាត់របស់លោក Prigozhin តែម្ដង ។ មេទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះបានលើកឡើងថា នេះមិនមែនជារដ្ឋប្រហារ ឬការបះបោរប្រដាប់អាវុធនោះទេ ពោលការសម្រុកចូលរបស់ក្រុមទាហានស៊ីឈ្នួល គឺគ្រាន់តែជាការដើរដង្ហែរក្បួនរកយុត្តិធម៌ពីក្រសួងការពារជាតិរុស្ស៊ីប៉ុណ្ណោះ ។
ប៉ុន្តែមិនបានប៉ុន្មានផង លោក Prigozhin បែរជាយល់ព្រមទទួលយកសំណើភ្លាមៗរបស់លោក ពូទីន ក្នុងការវិលត្រឡប់ទៅកាន់ជំរំទ័ពរបស់ខ្លួនវិញ ជាពិសេសមេទាហានស៊ីឈ្នួលដែលមានទ័ពក្នុងដៃចំនួន ២៥,០០០ នាក់រូបនេះ ថែមទាំងចៀសផុតការចោទប្រកាន់ពីបទក្បត់ជាតិពីសំណាក់លោក ពូទីន និងទទួលយកការនិរទេសខ្លួនទៅកាន់ប្រទេសបេឡារុសផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសរុស្ស៊ីហាក់ស្ងប់ស្ងាត់ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group បានសម្រេចដកថយ ជាពិសេសក្រោយមានកិច្ចសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ លោក Medvedev ប្រាប់ពីគោលបំណងរបស់ក្រុមបះបោរប្រដាប់អាវុធនៅ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


