ព័ត៌មានជាតិ
កម្ពុជា នឹងមានការប្រកួតសរសេរតាមអានដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសគាំទ្រឱ្យមានការប្រកួតប្រជែងសរសេរតាមអាន «សំណេរអង្គរ»ដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លីម ប៊ុនហុក អគ្គលេខាធិការរង រដ្ឋសភាកាលពីថ្ងៃទី២២ កញ្ញា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងនឹងចាត់តាំងមន្ត្រីជំនាញបច្ចេកទេស ក្នុងការងាររៀបចំកម្មវិធី សរសេរតាមអាន៖ «សំណេរអង្គរ» នេះ ឱ្យបានត្រឹមត្រូវ តម្លាភាពតាមបច្ចេកទេស នៃការប្រឡង ដោយមានគណៈកម្មាការរៀបចំប្រឡង គណៈកម្មាការអនុរក្ស និងគ្រូកំណែត្រឹមត្រូវតាមស្តង់ដាដែលបានកំណត់។
លោក លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា បានលើកឡើងថា គម្រោងស្តីពីការរៀបចំ កម្មវិធីសរសេរតាមអាន«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ។
លោកបានស្នើសុំកិច្ចសហការរៀបចំគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា «កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈហើយក៏ជាមធ្យោបាយមួយសម្រាប់ទាញយកចំណាប់អារម្មណ៍របស់សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឲ្យអ្នកចូលរួមដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ ។
លោកបានបន្តទៀតថា តាមរយៈការប្រកួតសរសេរតាមអាន ដែលមានចំណងជើងថា «សំណេរអង្គរ» អ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅ ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។
បន្ថែមពីនោះ លោកអគ្គលេខាធិការរងរដ្ឋសភាក៏បានស្នើសុំលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដើម្បីដាក់ចេញប្រធានបទសម្រាប់ការសរសេរតាមអាន«សំណេរអង្គរ» ដែលគ្រោងនិងរៀបចំនាពេលខាងមុខ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្រាប់ប្រធានបទនៃការប្រកួតសរសេរតាមអាន«សំណេរអង្គរ»នេះលោកដាក់ចេញដោយផ្ទាល់ និងសមស្របតាមកម្រិត លក្ខខណ្ឌផ្សេងៗនៃកម្មវិធី ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ