Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន សម្ដែងក្ដីព្រួយបារម្ភចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់ពាន់នាក់នៅតំបន់ហ្គាហ្សា

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់ពាន់នាក់ រួមទាំងការបណ្តេញជនស៊ីវិលយ៉ាងច្រើន និងមហន្តរាយមនុស្សធម៌ដែលកំពុងផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICS តាមរយៈវីដេអូពីទីក្រុងមូស្គូ, លោក ពូទីន បាននិយាយថា ជម្លោះដែលកំពុងបន្តបែកផ្កាភ្លើងនៅមជ្ឈិមបូព៌ាគឺជា “ផលវិបាកផ្ទាល់” នៃគោលជំហររបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកសម្របសម្រួលផ្តាច់មុខរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

លោក ពូទីន បានសង្កត់ធ្ងន់ថា ក្រុមប្រទេស BRICS ទាំងអស់មានជំហរស្រដៀងគ្នាអំពីភាពចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួម សំដៅសម្រេចបានសន្តិភាពយូរអង្វែង និងនិរន្តរភាព ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅប៉ាឡេស្ទីន និងអំឡុងពេលកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងដំណោះស្រាយនៅមជ្ឈិមបូព៌ា ។

លោក ពូទីន បានអះអាងទៀតថា “បើទោះបីជាដំណោះស្រាយនេះ មានតែការអំពាវនាវឲ្យមានការបង្កើតការផ្អាកបាញ់មនុស្សធម៌ និងមិនមែនជាបទឈប់បាញ់ពេញលេញក៏ដោយ ប៉ុន្តែយើងចាត់ទុកការអនុម័តដំណោះស្រាយបែបនេះ ជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ” ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា ការផ្អាកបាញ់មនុស្សធម៌បែបនេះ គឺចាំបាច់ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវការដោះលែងចំណាប់ខ្មាំង ក៏ដូចជាការជម្លៀសជនស៊ីវិល និងពលរដ្ឋបរទេសចេញពីតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកិច្ចការបន្ទាន់បំផុតក្រោយៗទៀត នឹងសម្រេចបាននូវបទឈប់បាញ់រយៈពេលវែង និងនិរន្តរភាពពិតប្រាកដ ។

ស្របពេលជាមួយគ្នានេះ លោក ពូទីន បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតសម្រាប់ការរួមចំណែករបស់ពួកគេក្នុងការស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយវិបត្តិនាពេលបច្ចុប្បន្ននេះ ហើយលោកប្រធានាធិបតីថែមទាំងបានស្នើឲ្យដាក់ការប្រឈមមុខរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាប្រធានបទក្ដៅលើរបៀបវារៈរបស់កិច្ចប្រជុំ BRICS ផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានជនស៊ីវិលនៅតំបន់ហ្គាហ្សាជាង ១៤,១០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ៩,៧៦០ នាក់បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែលបើកការវាយបកលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ក្រោយការវាយឆ្មក់ឆ្លងចូលព្រំដែនប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ថា មួយខែ អ៊ុយក្រែន ស្លាប់ទាហានជាង ១៣៧០០នាក់ និងខ្ទេចរថក្រោះ ១៨០០គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម