ព័ត៌មានជាតិ
គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នៅថ្ងៃទី ៥ ខែមករានេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤នេះ បន្ទាប់ពីសម្រេចរួចរាល់។ នេះបើតាមឲ្យដឹងពីលោក ហេង ស៊ីឡេង សមាជិក គ.ជ.ប នៅក្នុងកិច្ចប្រជុំ ស្ដីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤នេះ។

នៅក្នុងកិច្ចប្រជុំនេះ លោក ហេង ស៊ីឡេង បានឲ្យដឹងថា គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះ រួមមាន៖ តំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥នាក់ ស្ត្រី ១៧ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែងមានចំនួន ១១,៦២២ នាក់ ស្ត្រី ២,៥៦៨នាក់។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានឲ្យដឹងបន្តថា បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូងចំនួន ៤ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/ និងការប្តឹងជំទាស់។

បើតាមលោក ហេង ស៊ីឡេង តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤នេះ។ ដើម្បីបង្កលក្ខណៈងាយស្រួល ទៅដល់អ្នកបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតដំបូងនេះ នៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។

ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខ។ សមាជិកព្រឹទ្ធសភា មានចំនួន ៦២រូប ដោយក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


