Connect with us

នយោបាយ

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត

បានផុស

នៅ

ព្រឹទ្ធសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីជំរុញសកម្មភាពការងាររបស់សមាជិកព្រឹទ្ធសភាឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀតជាមួយអង្គបោះឆ្នោត។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់បណ្ដាមេដឹកនាំគណបក្សសម្ព័ន្ធភាពទាំង២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យគណបក្សប្រជាជន លោក ជា ធីរិទ្ធ ក្នុងពេលដឹកនាំកិច្ចប្រជុំបណ្ដាប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់បណ្ដាមេដឹកនាំគណបក្សទាំងនោះ ថា គណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យសិក្សាស្រាវជ្រាវលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខ។ ការណ៍នេះ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវការមតិយោបល់ ដែលជាធាតុចូលបន្ថែមពីបណ្ដាបក្សសម្ព័ន្ធភាពដែរ ដើម្បីឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះប្រកបដោយភាពត្រឹមត្រូវ។

ប៉ុន្តែយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនទាន់អាចបញ្ជាក់លម្អិតថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ នឹងត្រូវធ្វើវិសោធនកម្មលើចំណុចណាមួយនៅឡើយនោះទេ។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នាថ្ងៃទីសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ បានបញ្ជាក់ដូច្នេះថា«មកដល់ពេលនេះ ច្បាប់កំពុងតែធ្វើការសិក្សាពីការវិសោធនកម្មនៅឡើយទេ យើងមិនទាន់ថាតើមាត្រាណាគួរកែប្រែនោះទេ»

តាមលោក ជា ធីរិទ្ធ គោលដៅចម្បងនៃការគ្រោងធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីជំរុញយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់។ លោក សង្កត់ធ្ងន់ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមិនចង់ឱ្យសមាជិកព្រឹទ្ធសភាទំនេរពេកនោះទេ ពោលព្រឹទ្ធសភា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ជាប្រធាននេះ គឺត្រូវតែធ្វើការដោយសកម្ម។

សម្ដេចតេជោ មានប្រសាសន៍ថា «ត្រូវតែរកការងារធ្វើ មិនអាចរង់ចាំការងាររត់មករកយើងទេ»។ លោក ជា ធីរិទ្ធ បន្ថែមឱ្យដឹងដូច្នេះ។

ជាការរំលឹក ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញបំណងចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភា ដោយសម្ដេច ណែនាំឱ្យសិក្សាផ្លាស់ប្តូរពីការបោះឆ្នោតតាមភូមិភាគទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។

ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន ៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែក សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។

បន្ថែមពីភារកិច្ចស្នូលខាងលើ ព្រឹទ្ធសភា នីតិកាលទី៥ បានផ្តោតជាអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យ ទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

ជាការចាប់អារម្មណ៍ ដើមនីតិកាលទី៥ នៃព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដួចផ្ដើមធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលមាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ចែងលម្អិតអំពីនីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានាព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម