ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញវិធានការ ៧ ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្ដីស្រឡាញ់
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការ ៧ ចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

នៅក្នុងសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចុះកាលពីថ្ងៃទី ១៣ កុម្ភៈ បានឱ្យដឹងថា វិធានការ ៧ ចំណុច រួមមាន ៖ ១-ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវា នៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។ ៣-ត្រូវបញ្ជ្រាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ។ ៤-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្ត អប់រំមិត្ត”។ ៥-ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាន នានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ ៦-ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០០៩ ស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ ២៧៨៦ អយក.ប្រក ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០០៩ ស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

បើតាម ក្រសួងអប់រំ ការដាក់ចេញវិធានការក្នុងទិវា នៃក្តីស្រលាញ់នេះ ដោយសារក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


