Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំ៖ ដើម្បីសម្រួលការត្រឡប់មករបស់ពលករ សមត្ថកិច្ចជំនាញ មិនតម្រូវឱ្យប្រថាប់ត្រាលើឯកសារឡើយ  

បានផុស

នៅ

ដើម្បីសម្រួលការត្រឡប់មករបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីប្រចាំនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ត្រូវខិតខំជួយបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញ-ចូលរបស់ពលករ។ ក្នុងនោះ មិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញប្រទេសលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចនេះ យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការសម្រួលការធ្វើដំណើរ ចូល-ចេញប្រទេសជូនពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពតាមស្មារតីសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ត្រូវខិតខំជួយបង្កលក្ខណៈងាយស្រួលដល់ដំណើរចេញ-ចូលរបស់ពលករ។

ក្នុងកិច្ចការចំពោះមុខនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបានប្រសិទ្ធភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅធ្វើការងារក្នុងប្រទេសថៃវិញ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅបរិវេណប៉ុស្តិ៍ច្រកទ្វារចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ ឬកត្តាជាអវិជ្ជមាននានាដែលអាចកើតឡើងជាយថាហេតុ។

ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរចូល-ចេញប្រទេសរបស់ពលករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញប្រទេសលើលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញដទៃនាថ្ងៃអនាគត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលស្ថិតក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានប្រាប់ឱ្យនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ចូល-ចេញប្រទេសរបស់ពលករកម្ពុជាក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ឱ្យ។

លើសពីនេះ ក្រោមកិច្ចសហការដ៏ល្អពីភាគីថៃ គឺរាជរដ្ឋាភិបាលថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញឡើយ សម្រាប់តែរយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម