Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នក​នាំពាក្យ​វិមានក្រឹមឡាំង៖ រុស្ស៊ី មិនមែនជាការគំរាមកំហែងចំពោះ អឺរ៉ុប ឡើយ

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីវ ប៉េស្កូវ​​ (Dmitry Peskov) ​បាន​លើក​ឡើង​កាលពីថ្ងៃអាទិត្យទី២៦ ខែមេសេា ថា ប្រទេសរុស្ស៊ី មិនអាចជា«ការគំរាមកំហែងចម្បងចំពោះអឺរ៉ុប»នោះទេ ពីព្រោះថា ទោះបីជានរណានិយាយអ្វីក៏ដោយ ក៏រុស្ស៊ីនៅតែជាផ្នែកមួយដែលមិនអាចខ្វះបាននៃអឺរ៉ុប ខណៈពេលដែល​រុស្ស៊ី​​​ក៏ជាផ្នែកសំខាន់នៃទ្វីបអឺរ៉ាស៊ី (Eurasian) ផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉េស្កូវ បាន​លើក​ឡើង​នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍ Vesti News របស់​រុស្ស៊ី​​ ថា ប្រទេសរុស្ស៊ីកំពុងត្រូវ​បានគេបង្ហាញរូបភាពឲ្យក្លាយទៅជា «សត្រូវខាងក្រៅគំរូ» ក្នុងគោលបំណង បង្កើន​​ការ​​ឃោសនា​ផ្សព្វផ្សាយ​បង្ខូច​ឈ្មោះ​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass

លោក ប៉េស្កូវ​ បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនអាចជាការគំរាមកំហែងចម្បងចំពោះអឺរ៉ុប​នោះ​ទេ ពីព្រោះរុស្ស៊ី មិនថា អ្នកណានិយាយអ្វីក៏ដោយ ក្នុងនាមជាប្រទេសអឺរ៉ាស៊ី នៅតែជាផ្នែកសំខាន់មួយនៃអឺរ៉ុប។ លោកក៏បានលើកឡើងផងដែរថា វិបត្តិនៅក្នុងប្រទេសអឺរ៉ុបកាន់តែអាក្រក់ទៅៗ ទាំងសន្តិសុខ សេដ្ឋកិច្ច និងការយល់ដឹងអំពីខ្លួនឯង និងតម្លៃស្នូលរបស់ពួកគេ។

អ្នក​នាំពាក្យ​​​​វិមានក្រឹមឡាំង​រូបនេះ​ បានថ្លែងថា៖ «ក្រុមអ្នកនយោបាយនៅអឺរ៉ុបនឹងមិនអាចទម្លាក់កំហុសលើបញ្ហាក្នុងស្រុកទាំងអស់ទៅលើប្រទេសរុស្ស៊ីបានឡើយ។ តើរឿងនេះនឹងនាំទៅរកអ្វីដែលល្អដែរឬទេ? តើពួកគេនឹងអាចទម្លាក់កំហុសគ្រប់យ៉ាងមកលើពួកយើងបានដែរឬទេ? ពិតណាស់ វាមិនទំនងជាអាចទៅរួចឡើយ។ ហេតុដូច្នេះហើយ ទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាវាយប្រហារអឺរ៉ុបទេ»។

ការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងខាងលើនេះស្របពេលដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ​​ ឡាវរ៉ូវ​ (Sergey Lavrov) បានថ្លែងកាលពីថ្ងៃទី ២៤ ខែមេសា ថា ដោយមានជំនួយពីអ៊ុយក្រែន ប្រទេសលោកខាងលិចបានប្រកាសសង្គ្រាមលើរុស្ស៊ី។

លោក ឡាវរ៉ូវ​ បានមានប្រសាសន៍ថា សង្គ្រាមបើកចំហមួយត្រូវបានប្រកាសដាក់មកលើពួកយើងហើយ។ សម្រាប់រឿងនេះ របបដឹកនាំទីក្រុងកៀវ ត្រូវបានគេប្រើប្រាស់ធ្វើជាមុខព្រួញ។ ប៉ុន្តែអ្នករាល់គ្នាដឹងហើយថា មុខព្រួញនេះនឹងមិនអាចធ្វើអ្វីបានឡើយ ប្រសិនបើគ្មានការគាំទ្រផ្នែកសម្ភារៈក្នុងទម្រង់ជាអាវុធរបស់បស្ចិមលោក ទិន្នន័យចារកម្ម ប្រព័ន្ធផ្កាយរណប ការជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលយោធា និងអ្វីៗជាច្រើនទៀតនោះ។

ជាក់ស្ដែង ​មន្ត្រី​ជាន់ខ្ពស់អាមេរិក​ទាំង​ពីរនេះ​ កំពុងប្រើប្រាស់វោហារសាស្ត្រនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកញ្ចប់ថវិកាយោធារបស់ណាតូ និងការចោទប្រកាន់ពីបណ្តាប្រទេសដូចជាប៊ែលហ្សិក និងអាល្លឺម៉ង់ ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក Lavrov៖ លោកខាងលិចប្រកាស សង្គ្រាមបើកចំហនឹងរុស្ស៊ី ដោយប្រើអ៊ុយក្រែនជា «មុខព្រួញ»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម