ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងនៅ ឌូបៃ វាយប្រហារទាំងព្រលានយន្តហោះដ៏ប្រណិតបំផុតលើលោក
ព្រលានយន្តហោះដ៏ប្រណិតបំផុតរបស់ពិភពលោកគឺ Dubai International Airport បានរងការវាយប្រហារមិនប្រណីដៃពីជំនន់ទឹកភ្លៀងភ្លាមៗ ជាពិសេសបានរំខានទៅដល់ជើងហោះហើរតភ្ជាប់ទៅកាន់គ្រប់ទ្វីបទាំងអស់ ខណៈព្រលានយន្តហោះនៅអារ៉ាប់រួមមួយនេះក៏បានចេញការព្រមានផងដែរថា ខ្លួនកំពុងជួបលក្ខខណ្ឌអាកាសធាតុដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រ ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា ជើងហោះហើរប្រហែល ៣០០ ជើងទាំងទៅ និងមកពីព្រលានយន្តហោះអន្តរជាតិឌូបៃ (DIA) ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់តភ្ជាប់ជើងហោះហើរទៅគ្រប់ទីកន្លែងត្រូវបានលុបចោល ខណៈជើងហោះហើររាប់រយជើងផ្សេងទៀតត្រូវបានពន្យារពេល ។
ទន្ទឹមនោះ ព្រលានយន្តហោះអន្តរជាតិឌូបៃ (DIA) ដែលកាលពីឆ្នាំមុនបានបម្រើដល់អ្នកដំណើរជាង ៨០ លាននាក់ និងគ្រងលំដាប់ទី ២ ជាព្រលានយន្តហោះដែលមមាញឹកបំផុតរបស់ពិភពលោក បន្ទាប់ពីព្រលានយន្តហោះ Atlanta Hartsfield-Jackson របស់សហរដ្ឋអាមេរិក ក៏បានអះអាងផងដែរពីការចំណាយពេលវេលាដ៏ច្រើនក្នុងការស្ដារឡើងវិញនូវការខូចខាត ក៏ដូចជាការខាតបង់នានានៅគ្រប់ផ្នែកទាំងអស់ ។
ចំណែកឯក្រុមហ៊ុន Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់របស់ប្រទេស បានផ្អាកការឆែកអ៊ីន (Check-in) សម្រាប់អ្នកដំណើរដែលចង់ចាកចេញពីអាកាសយានដ្ឋានឌូបៃ ស្របពេលដែលយន្តហោះរបស់ក្រុមហ៊ុនព្យាយាមបើកទាំងទឹកកំពុងលិចផ្លូវរត់ ខណៈមហាវិថីជាច្រើននៅទីក្រុងឌូបៃក៏កំពុងប្រែក្លាយទៅជាដងទន្លេស្រាប់ទៅហើយ ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរបានព្រមានទៀតថា អារ៉ាប់រួមក៏នឹងបន្តមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំងបន្ថែមទៀតផងដែរ ពោលតំបន់ទំនាបជាច្រើននៅតែស្ថិតនៅក្រោមផ្ទៃទឹកភ្លៀង ។ ជាទូទៅប្រទេសវាលខ្សាច់មួយនេះមានកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងមួយឆ្នាំត្រឹម ១៤០ ទៅ ២០០ មិល្លីម៉ែត្រ ឯចំពោះទីក្រុងឌូបៃវិញមានត្រឹម ៩៧ មិល្លីម៉ែត្រ ខណៈសម្រាប់ក្នុងខែមេសាគឺប្រមាណ ៨ មិល្លីម៉ែត្រប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រនៅតំបន់ Al-Ain ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧៥ ឆ្នាំ ខណៈគ្រោះធម្មជាតិនេះទៀតសោតក៏បានផ្ដាច់យកជីវិតបុរសចំណាស់ម្នាក់វ័យ ៧០ ឆ្នាំផងដែរ បន្ទាប់ពីរថយន្តរបស់គាត់ជាប់គាំនៅក្នុងជំនន់ទឹកភ្លៀងភ្លាមៗនៅក្នុងទីក្រុង Ras Al Khaimah ភាគខាងជើងរបស់ប្រទេស ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៣ ថ្ងៃហើយ មហាវិថីក្នុងទីក្រុងអ្នកមាន ឌូបៃ នៅតែជាដងទន្លេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ព័ត៌មានជាតិ១០ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ចរាចរណ៍២២ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម