Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Huawei  ប្តេជ្ញាពង្រីកទីផ្សារនៅ​បារាំងនិងអឺរ៉ុប

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានប្តេជ្ញាចិត្តចំពោះទីផ្សារបារាំង បើទោះបីជាមានការប្រកួតប្រជែងដែលបង្កឡើងដោយស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលដែលកាន់តែស្មុគស្មាញក៏ដោយ។

ក្រុមហ៊ុន Huawei Technologies France ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០០៣បាន​សាងសង់​រោងចក្ររបស់ខ្លួនសម្រាប់ឧបករណ៍បណ្តាញទូរស័ព្ទចល័តនៅក្នុងតំបន់ Alsace របស់ប្រទេសបារាំងក្នុងខែមេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការវិនិយោគ ២០០ លានអឺរ៉ូ (ស្មើនឹង២១៤ លានដុល្លារ) វានឹងក្លាយជារោងចក្រដំបូងរបស់ក្រុមហ៊ុន Huawei នៅអឺរ៉ុប និងរោងចក្រផលិតដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន។

ក្រុមហ៊ុន Huawei Technologies France ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន៥មជ្ឈមណ្ឌលច្នៃប្រឌិត និងមជ្ឈមណ្ឌលស្រាវជ្រាវគណិតវិទ្យាដែលផ្តោតលើការស្រាវជ្រាវជាមូលដ្ឋាន។ ក្នុងចំណោមបុគ្គលិក១ ១០០ ​ របស់ខ្លួន ៨០ ភាគរយត្រូវបានជួលក្នុងស្រុក។

លោក Zhang Minggang អគ្គនាយករងនៃក្រុមហ៊ុន Huawei Technologies France បាននិយាយថា សម្រាប់ក្រុមហ៊ុន Huawei ប្រទេសបារាំង និងអឺរ៉ុបគឺជាទីផ្សារដែលសំខាន់​​ ដោយសារមានមូលដ្ឋានឧស្សាហកម្មល្អ សមត្ថភាពច្នៃប្រឌិតដ៏រឹងមាំ វប្បធម៌សម្បូរបែប និងជាម្ចាស់ផ្ទះសម្រាប់ស្ថាប័នអន្តរជាតិជាច្រើន។

លោក Zhang បាននិយាយថា៖« ​ក្រុមហ៊ុន Huawei សង្ឃឹមថានឹងបង្កើតតម្លៃបន្ថែមសម្រាប់ប្រទេសបារាំង តាមរយៈសកម្មភាព និងការវិនិយោគនៅទីនេះ។ ម្យ៉ាងវិញទៀត Huawei ក៏សង្ឃឹមថានឹងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសបារាំង និងអឺរ៉ុប តាមរយៈសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសបារាំង» ។

ក្រុមហ៊ុន Huawei Technologies France បានផ្តល់វិភាគទានច្រើនជាង ១ ពាន់លានអឺរ៉ូដល់សេដ្ឋកិច្ចបារាំងជារៀងរាល់ឆ្នាំ ដោយបានបង្កើតការងារចំនួន ៩ ៧៦០​ ទាំង​ផ្ទាល់ និង​ប្រយោល។

ប្រសិនបើប្រាក់ចំណូលអាជីវកម្មដែលពាក់ព័ន្ធរបស់អ្នកផ្គត់ផ្គង់ និងដៃគូរបស់ Huawei ត្រូវបានរួមបញ្ចូលផងដែរនោះ ទំហំពាណិជ្ជកម្មប្រចាំឆ្នាំនឹងមានចំនួន២,៥ ​ពាន់លានអឺរ៉ូ និងបានបង់ពន្ធសរុបដល់ស្ថាប័នរដ្ឋាភិបាល​មានចំនួន២៦៥ ​លានអឺរ៉ូ រួមទាំងពន្ធ ៦៥ លានអឺរ៉ូដែលបង់ដោយផ្ទាល់ដោយក្រុមហ៊ុន Huawei ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម