Connect with us

សេដ្ឋកិច្ច

IMF បង្កើន​ការ​ព្យាករណ៍កំណើន​​សេដ្ឋកិច្ច​ចិនឆ្នាំ​ ២០២៤​ ​ទៅ​ ៥ ភាគរយ​ ប៉ុន្តែ​ព្រមាន​ពី​ហានិភ័យ​នៅ​ឆ្នាំ​ក្រោយ​ៗ

បានផុស

នៅ

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​​​កាល​ពី​ថ្ងៃ​ពុធ​​ បាន​បង្កើន​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​ទៅ​ ៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៤ ដោយ​កើន​ឡើង​ពី​ ៤,៦ ភាគរយ​ក្នុង​ការ​ព្យាករណ៍​កាល​ពី​លើក​មុន​ ខណៈ​ព្រមាន​ពី​ហានិភ័យ​ពី​កំណើន​​នៅ​ឆ្នាំ​ក្រោយ​ៗ ដែល​ត្រូវ​ការ​​កំណែ​ទម្រង់​ដើម្បី​​​​​ទប់​ទល់​​។ ​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IMF ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ ការ​បង្កើន​អត្រា​​រំពឹង​ទុក​នេះ​ ធ្វើ​ឡើង​ដោយ​សារ​តែ​​ទិន្នន័យកំណើន​​ សេដ្ឋកិច្ច​រឹង​មាំ​ក្នុង​ត្រីមាស​ទី​១​​ ក៏​ដូច​ជា​​​វិធាន​ការ​គោល​នយោបាយ ដែល​ដាក់​ចេញ​​ថ្មី​​​ៗ​​នេះ​។​ អង្គការ​និយាយ​យ៉ាង​ដូច្នេះ ​ថា​៖ «​​អតិផរណា​ស្នូល​ ​រំពឹង​ថា​នឹង​កើន​ឡើង​ ប៉ុន្តែ​នៅ​តែ​មាន​កម្រិត​ទាប»។

យ៉ាង​ណា​ក៏​ដោយ​ IMF បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​ចិន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ៤,៥ ភាគរយ​វិញ​ នៅ​ឆ្នាំ​ ​ ​២០២៥ ហើយ​​បាន​ព្រមាន​ថា​ ​កំណើន​ដដែល​នឹង​ថយ​ចុះ​មក​ត្រឹម​ ៣,៣ ភាគរយ​នៅ​ឆ្នាំ​ ២០២៩ ដោយ​សារ​តែ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ច្រើន​ និង​​ផលិតភាព​យឺត​យ៉ាវ​។ ​

លើ​ការ​ព្រមាន​នេះ​ IMF ​បាន​និយាយ​ថា​ អាទិភាព​បន្ទាន់​របស់​ចិន​ គឺ​ត្រូវ​អនុម័ត​កញ្ចប់​គោល​នយោបាយ​ដ៏​ទូលំ​ទូលាយ​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​កែ​សម្រួល​វិស័យ​អចលន​ទ្រព្យ​ និង​ផ្តល់​ការ​​គាំទ្រ​​ម៉ាក្រូ​សេដ្ឋកិច្ច​គ្រប់​គ្រាន់​ ដើម្បី​ជំរុញ​តម្រូវការ​ក្នុង​ស្រុក​ និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ​។​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​​ដដែល​ បន្ត​ថា​ ​ការ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់​ នឹង​តម្រូវ​ឱ្យ​មាន​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​​។  ​

​​IMF គូស​បញ្ជាក់​ថា​៖ «​អាទិភាព​សំខាន់​ៗ​រួម​មាន​ ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​សេដ្ឋកិច្ច​ឡើង​វិញ​ផ្ដោត​លើ​​ការ​​ប្រើ​​ប្រាស់​ ​ដោយ​ការ​ពង្រឹង​បណ្តាញ​សុវត្ថិភាព​សង្គម​ សេរីភាវូបនីយកម្ម​នៃ​វិស័យ​សេវាកម្ម​​ និង​​​បន្ថយ​នូវ​គោល​នយោបាយ​​​ផ្នែក​ផ្គត់​ផ្គង់ ដែល​បង្ខូច​ទ្រង់​ទ្រាយ​ទីផ្សារ​​​​ ​សំដៅ​លើ​យុទ្ធសាស្រ្ត​គាំទ្រ​ដល់​វិស័យ​ផលិតកម្ម​»​។

គួរ​គូស​បញ្ជាក់​ថា​ ការ​ព្យាករណ៍​វិជ្ជមាន​របស់​​ IMF ​សម្រាប់​ឆ្នាំ​ ២០២៤​ គឺ​ស្រប​តាម​គោលដៅ​កំណើនសេដ្ឋកិច្ច​ប្រហែល​ ៥ ភាគរយ​ ​របស់​រដ្ឋាភិបាល​ចិន​ ​ ស្រប​ពេល​​សេដ្ឋកិច្ច​ប្រទេស​នេះ​ហាក់​ដូច​ជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​វិជ្ជមាន​ ដោយ​កំណើន​លើស​ការ​រំពឹង​ទុក​ ៥,៣ ភាគរយ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​។ ​យ៉ាង​​ណា​មិញ​ ​សម្ពាធ​​បរិត្តផរណា​​បន្ត​​កើន​​ឡើង​​យ៉ាង​​ធំ​ ហើយ​​វិបត្តិ​​អចលន​ទ្រព្យ​​ដែល​​អូស​បន្លាយ​ ​នៅ​តែ​​ជា​ហានិភ័យ​​​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម