ព័ត៌មានអន្ដរជាតិ
លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី
តាមការបញ្ជាក់ពីមន្ត្រីអាមេរិក ប្រាប់ទៅ BBC កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា, ពេលនេះ លោកប្រធានាធិបតី ចូ បៃដិន បានផ្តល់សិទ្ធិដល់អ៊ុយក្រែន ឲ្យប្រើអាវុធរបស់អាមេរិក យកទៅវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ីបាន ប៉ុន្តែគោលដៅទាំងនោះមិនមែននៅឆ្ងាយពេកទេ ពោលគឺត្រឹមកៀកៗតំបន់ Kharkiv បានហើយ។

ច្បាស់ណាស់ រឿងនេះពិតជាធ្វើឲ្យទីក្រុងមូស្គូ ក្តៅស្លឹកត្រចៀកជាក់ជាមិនខានឡើយ បើទោះបីជា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នៅតែមិនអនុញ្ញាតឲ្យមានការវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ីក៏ដោយ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា ថ្មីៗនេះ លោកប្រធានាធិបតីបានបញ្ជាក្រុមរបស់គាត់ឲ្យធានាថា អ៊ុយក្រែនអាចប្រើប្រាស់អាវុធរបស់អាមេរិក សម្រាប់គោលបំណងប្រឆាំងការបាញ់ប្រហារនៅទីក្រុង Kharkiv បាន ដូច្នេះអ៊ុយក្រែន អាចវាយបកទៅលើកងកម្លាំងរុស្ស៊ីដែលវាយប្រហារពួកគេ ឬកំពុងត្រៀមមកវាយប្រហារពួកគេបាន។

មន្ត្រីដដែលបន្តថា “គោលនយោបាយរបស់យើងទាក់ទងនឹងការហាមប្រាមប្រើប្រាស់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ ATACMS ឬការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី នៅតែមិនផ្លាស់ប្តូរដដែល ប៉ុន្តែពួកគេអាចបាញ់ទម្លាក់យន្តហោះរបស់លោក ពូទីន នៅលើដីរុស្ស៊ី ដែលកំពុងហោះមកក្នុងគោលបំណងបាញ់ពួកគេបាន”។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននិងក្រសួងការបរទេសអាមេរិក មិនទាន់ចេញបកស្រាយអ្វីឡើយ ពាក់ព័ន្ធរឿងនេះ។

មិនមែនតែសហរដ្ឋអាមេរិកទេ មុននេះ ចក្រភពអង់គ្លេស ក៏ប្រកាសបើកដៃឲ្យប្រើអាវុធរបស់ខ្លួន បាញ់លើគោលដៅក្នុងប្រទេសរុស្ស៊ីផងដែរ។
ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទកងទ័ពជើងទឹក កាលពីថ្ងៃអង្គារទី១៤ខែឧសភា លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានបញ្ជាក់ថា តំបន់គ្រីមៀ ត្រូវរុស្ស៊ីកាត់យកក្រោយការធ្វើប្រជាមតិឆ្នាំ២០១៤ ប៉ុន្តែទីក្រុងឡុងដ៍នៅតែចាត់ទុកវាជាផ្នែកនៃដែនដីអ៊ុយក្រែន ដូច្នេះកងកម្លាំងរបស់លោក ហ្សេលេនស្គី អាចប្រើប្រាស់សព្វាវុធរបស់អង់គ្លេស វាយប្រហារទីនោះបាន។

លោក Shapps អះអាងថា ចក្រភពអង់គ្លេស មិនអាចទទួលយកបានឡើយ បើរុស្ស៊ីឈ្នះសង្គ្រាម ហើយលោកថែមអំពាវនាវឲ្យបណ្តាប្រទេសជាមិត្ត សម្រុកបញ្ជូនសព្វាវុធ ទៅកាន់ទីក្រុងកៀវ ឲ្យកាន់តែខ្លាំងទៀតផង។
យ៉ាងណា ទីក្រុងមូស្គូ ធ្លាប់ព្រមានរួចមកហើយថា បើមានការវាយប្រហារណាមួយមែន ខ្លួនអាចសងសឹក ដោយកម្ទេចគោលដៅយោធាអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន ឬលើសពីនេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


