Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមមិនឱ្យចែកចាយ ឬលក់បង់បិទរបួស Neoplast-S ដែលគ្មានលេខបញ្ជិកាពីក្រសួង

បានផុស

នៅ

នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង​ ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍បរិក្ខារពេទ្យឈ្មោះ Neoplast-S (បង់បិទរបួស) ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីប្រកាសនោះ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបានពិនិត្យឃើញមានឧបករណ៍បរិក្ខារពេទ្យ (បង់បិទរបួស) ឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជាដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍បរិក្ខារពេទ្យដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ។ ក្រសួងសុខាភិបាល បានណែនាំដល់ពលរដ្ឋទាំងអស់ មុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ និងព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ជាមុន។ ចំពោះលតាបត្រដែលត្រឹមត្រូវគឺមាន ២ផ្នែក ដោយទី១ ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ទី២ ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគម្រូភ្ជាប់មកជាមួយ។

ក្រសួងក៏បានហាមពលរដ្ឋ កុំបន្តទិញ និងប្រើប្រាស់បរិក្ខារពេទ្យដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះមិនបានធានាពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពបានទេ ថែមទាំងអាចប៉ះពាល់ដល់ជីវិតអ្នកប្រើប្រាស់ថែមទៀត។ ចំណែក ជនដែលចែកចាយ និងនាំចូលបរិក្ខារពេទ្យខាងលើដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ បន្ថែមពីនេះ ក្រសួងសុខាភិបាលនឹងចាត់វិធានការច្បាប់ចំពោះបុគ្គល ឬភាគីពាក់ព័ន្ធ ដែលចែកចាយ ឬ លក់ផលិតផលគ្មានលេខបញ្ជិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

សូមជម្រាបថា ចំពោះបង់បិទរបួស Neoplast-S ដែលមិនមានលេខបញ្ជិកាពីក្រសួងសុខាភិបាលនេះ ត្រូវបានក្រសួងបញ្ជាក់ពីផលិតផលដែលត្រូវតាមច្បាប់ និងផលិតផលគ្មានអត្តសញ្ញាណដូចខាងក្រោមនេះ៖

  • ផលិតផលដែលមានលេខបញ្ជិកាពីក្រសួង

មានទំហំប្រអប់ ១៤.៧x៨.៤x៤ (ស.ម), លតាបត្រ ស ខ្មៅ (បែបថ្មី),ប្រអប់ពណ៌ទឹកក្រូចរលោង, លេខបាកូដ ៨៨៥៩៧៧៤១០០៦៨១, របៀបប្រើប្រាស់ មានដាក់ជារូបភាពណែនាំ, មានខាងក្រោយពណ៌ស និងបកប្រែជាភាសាខ្មែរ, មានចំណុះ១០០សន្លឹក ហើយផ្ទៃប្រអប់ខាងក្នុងពណ៌ប្រផេះ។

  • ផលិតផលដែលមិនស្គាលអត្តសញ្ញាណ

មានទំហំប្រអប់ ១៤.៨x៨.៥x៤.៥ (ស.ម), គ្មានបិទលតាបត្រ, ប្រអប់ពណ៌ក្រហម, លេខបាកូដ ៨៨៥០៣០៤០៩៦៦៤១, របបៀបប្រើប្រាស់ (មិនដាក់រូបភាពណែនាំ), ផ្ទៃខាងក្រោយប្រអប់ពណ៌ស និងសរសេរជាភាសាថៃ, ចំណុះក្នុងប្រអប់មាន ១០០+៨ សន្លឹក និងផ្ទៃខាងក្នុងប្រអប់ពណ៌ស៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម