ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល យល់ព្រមឈប់បាញ់រយៈពេលខ្លី ដើម្បីឲ្យ WHO ផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដល់កុមារហ្គាហ្សា
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃទី២៩ខែសីហាថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលសម្រាប់ការផ្អាកមានកំណត់ ក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងដល់កុមាររាប់សែននាក់ បន្ទាប់ពីមានទារកម្នាក់បានឆ្លងជំងឺនេះជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល២៥ឆ្នាំនៅលើទឹកដីប៉ាឡេស្ទីន។

លោក Rik Peeperkorn តំណាងអង្គការសុខភាពពិភពលោក បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១ខែកញ្ញា នៅចំកណ្ដាលតំបន់ហ្គាហ្សា ជាមួយនឹងសកម្មភាពផ្អាកបាញ់គ្នារបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៣រសៀលក្នុងរយៈពេល៣ថ្ងៃ ហើយអាចត្រូវបន្ត១ថ្ងៃបន្ថែមទៀតប្រសិនបើចាំបាច់។
លោក Peeperkorn បានប្រាប់សន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិតាមវីដេអូខលចេញពីទីក្រុង Deir al-Balah នៃតំបន់ហ្គាហ្សាថា កិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល នឹងត្រូវបន្តទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងចុងក្រោយនៅភាគខាងជើងហ្គាហ្សាសម្រាប់ការផ្អាកសកម្មភាពស្រដៀងគ្នានេះដែរ។
យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺសំដៅលើកុមារអាយុក្រោម១០ឆ្នាំចំនួន ៦៤ម៉ឺននាក់ ដែលម្នាក់ៗនឹងទទួលបានវ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងបន្តក់តាមមាត់ចំនួន២លើក ដោយ១លើកត្រូវបន្តក់ចំនួន២ដំណក់។ គម្លាតរវាងការទទួលវ៉ាក់សាំងទាំង២លើក មានរយៈពេល៤សប្ដាហ៍។
លោក Peeperkorn បានរៀបរាប់ថា ការផ្អាកសកម្មភាពបាញ់គ្នាមានសារៈសំខាន់ណាស់ ដែលអាចឲ្យប្រជាជននៅហ្គាហ្សានាំកូនរបស់ពួកគេទៅទទួលវ៉ាក់សាំង និងត្រឡប់ទៅកន្លែងដែលពួកគេស្នាក់នៅវិញនៅត្រឹមម៉ោង៣រសៀល។
លោកបានមានប្រសាសន៍ថា៖ «យើងមានកិច្ចព្រមព្រៀងមួយលើបញ្ហានេះ ដូច្នេះយើងរំពឹងថាគ្រប់ភាគីនឹងប្រកាន់ខ្ជាប់នូវចំណុចនេះ»។
អង្គការសុខភាពពិភពលោក បានលើកឡើងថា បុគ្គលិកសុខាភិបាលត្រូវចាក់វ៉ាក់សាំងកុមារនៅហ្គាហ្សាឲ្យបានយ៉ាងហោចណាស់ ៩០% ដើម្បីបញ្ឈប់ការឆ្លងជំងឺគ្រុនស្វិតដៃជើង។ យុទ្ធនាការនេះនឹងមានការចូលរួមពីក្រុមសុខាភិបាលចល័ត និងបុគ្គលិកពេទ្យជាង ២១០០នាក់មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលធ្វើការនៅរាប់រយកន្លែងនៅទូទាំងហ្គាហ្សា។

កាលពីថ្ងៃទី១៦ខែសីហា នៅហ្គាហ្សាបានរកឃើញករណីជំងឺគ្រុនស្វិតដៃជើងដំបូងគេក្នុងរយៈពេល២៥ឆ្នាំនៅទីក្រុង Deir al-Balah។ ករណីនេះកើតលើទារកអាយុ១០ខែម្នាក់ ដែលមិនបានទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង។
ជំងឺនេះឆ្លងខ្លាំងជាចម្បងលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ ហើយម្នាក់ក្នុងចំណោមមនុស្ស២០០នាក់ដែលឆ្លងវីរុសនឹងមានអាការៈស្វិតដៃជើងមិនអាចព្យាបាលបាននោះឡើយ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ចន្លោះពី ៥% ទៅ ១០% នៃអ្នកជំងឺបានស្លាប់ដោយសារតែការស្វិតប្រព័ន្ធដំណើរការផ្លូវដង្ហើម។
ក្រសួងសុខាភិបាលហ្គាហ្សា បានប្រាប់ថា វីរុសត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃហ្គាហ្សា និងកន្លែងជាច្រើនទៀតនៅចំកណ្ដាលតំបន់ហ្គាហ្សា។ ភាគច្រើនវីរុសទាំងនោះជាញឹកញាប់ឆ្លងតាមរយៈទឹកសម្អុយ ហើយវាងាយឆ្លងខ្លាំងណាស់ ជាពិសេសក្មេងតូចៗ។ វីរុសប្រភេទនេះអាចបណ្តាលរាងកាយខ្វិន និងស្វិត ហើយខ្លះឈានដល់ស្លាប់៕
ដោយ៖ ឈាង
ចុចអាន៖ តំបន់ហ្គាហ្សា ទទួលបានវ៉ាក់សាំងគ្រុនស្វិតដៃជើងជាង១លានដូស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


