Connect with us

ព័ត៌មានអន្ដរជាតិ

លោក Yoon ប្រកាស​តស៊ូ​ដល់​ទី​បញ្ចប់ ដាច់ខាត​មិន​លាលែង​ពី​តំណែង

បានផុស

នៅ

ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើង​ឲ្យ​​លាលែងពីតំណែង ឬត្រូវ​រង​ការ​ចោទប្រកាន់ក៏ដោយ ​ក៏​លោក Yoon Suk Yeol នៅ​តែ​ប្ដេជ្ញា​ថា លោក​នឹង​មិន​​ចុះ​ចេញ​ពី​តំណែង​ជា​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​ជា​ដាច់​ខាត។

លោក Yoon Suk Yeol (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoon បាននិយាយ​ថា ការសម្រេចចិត្តដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ការប្រកាសច្បាប់អាជ្ញាសឹក​កាលពីសប្តាហ៍មុន គឺ​លោក​ធ្វើ​​ឡើង​ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២៤ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​​ប្រាប់​ថា ការប៉ុនប៉ងនេះគឺជាការសម្រេចចិត្តផ្លូវច្បាប់ដើម្បី «ទប់ស្កាត់ការដួលរលំ» នៃលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹង «របបផ្តាច់ការសភា» របស់គណបក្សប្រឆាំង។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ប្រកាន់​ជំហរ​នេះ​យ៉ាង​ម៉ឺងម៉ាត់ ​មិន​ថា​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់ ឬ​ត្រូវ​បាន​ស៊ើប​អង្កេត​នោះ​ទេ។ ខ្ញុំនឹងប្រយុទ្ធដល់ទីបញ្ចប់»។

លោក Yoon និង​គ្នីគ្នា​របស់​លោក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ហើយ​ត្រូវ​បាន​ហាមឃាត់ការធ្វើដំណើ​រ​ចាក​​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក Yoon បានបដិសេធថា បទបញ្ជាច្បាប់អាជ្ញាសឹក​របស់​លោក គឺជាទង្វើនៃការបះបោរ ដោយអះអាងថា គូប្រជែងនយោបាយ​ឥឡូវនេះកំពុងបង្កើត «ការញុះញង់មិនពិត» ដើម្បីទម្លាក់​រូប​លោក។

សូម​ជម្រាប​​ជា​ថ្មី​ថា កាលពី​យប់​ថ្ងៃ​ទី​៣​ធ្នូ លោក Yoon បានបង្កការភ្ញាក់ផ្អើល ដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ជាទីបំផុត បណ្ដាល​ឲ្យ​កើត​​​ចលាចល​​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណា ច្បាប់​នេះ ត្រូវ​បាន​ដក​ចេញ​វិញ ប៉ុន្មាន​​ម៉ោង​ក្រោយ​សភា​​បោះឆ្នោត​ប្រឆាំង។

អ្នកជំនាញអះអាងថា មូលហេតុដែលលោកប្រកាសច្បាប់នេះ ព្រោះមើលឃើញស្ថានការណ៍ថា ខ្លួនកំពុងចាញ់ប្រៀបគណបក្សប្រឆាំងក្នុងរឿងនយោបាយរបស់ប្រទេស ហើយច្បាប់នោះទៀតសោត ត្រូវគេបរិហារថា ជាការប្រាសចាករដ្ឋធម្មនុញ្ញ៕

ដោយ៖ ឈាង

ចុចអាន៖ សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម