Connect with us

ជីវិតកម្សាន្ដ

ទង្វើ Jaemin ក្រុម NCT ចិត្តល្អបរិច្ចាគលុយដល់ UNICEF ជ្រាបដល់ចិត្តហ្វេនៗសរសើរព្រាត

បានផុស

នៅ

UNICEF កូរ៉េបាននិយាយកាលពីថ្ងៃអង្គារថា Jaemin សមាជិកក្រុមចម្រៀងប្រុសដ៏ពេញនិយម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន ដែលស្មើនឹង ៦៨,៨៣២ ដុល្លារ ដល់កម្មវិធីរបស់អង្គការយូនីសេហ្វសម្រាប់ជួយកុមារនៅជុំវិញពិភពលោក។

មូលនិធិនេះត្រូវបានរៃអង្គាសតាមរយៈការលក់រូបថតស៊ុមពីការតាំងពិពណ៌រូបថតបុគ្គលដំបូងរបស់ Jaemin ដែលមានឈ្មោះថា Narcissism បានធ្វើឡើងកាលពីខែមិថុនាកន្លងទៅ។ ​ជាមួយគ្នានោះ អង្គការយូនីសេហ្វកូរ៉េបាននិយាយថា មូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់កុមារនៅទូទាំងពិភពលោកក្នុងអំឡុងរដូវរងា។

តារាប្រុសវ័យ២៤ឆ្នាំ បាននិយាយដែរថា កាលដែលលោកបរិច្ចាគលុយគឺមានន័យថា ខ្លួនចង់ធ្វើអ្វីមួយដែលមានន័យរួមគ្នាជាមួយអ្នកគាំទ្រ​ ជាពិសេសដើម្បីតបស្នងនូវក្តីស្រលាញ់របស់ពួកគេលើលោករួមទាំងក្រុម NCT ។​ លោកក៏សង្ឃឹមថា ទឹកប្រាក់ទាំងនោះវាអាចជួយបាន ទោះបីជាតិចតួចក៏ដោយ តែក្នុងការធានាឲ្យកុមារទាំងអស់មានភាពកក់ក្តៅនៅចុងឆ្នាំនេះ។

យ៉ាងណាមិញ ទង្វើរបស់តារាចម្រៀងប្រុសប្រចាំក្រុម NCT ដែលមានចិត្តល្អបរិច្ចាគលុយច្រើនសន្ធឹកដល់អង្គការយូនីសេហ្វ បានជ្រាបដល់ដួងចិត្តអ្នកគាំទ្រទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ហ្វេនៗជាច្រើនបាននិងសម្រុកចែករំលែកយ៉ាងព្រោងព្រាត ដោយសរសើរដល់ទឹកចិត្តលោកក្នុងនាមជាតារាកូរ៉េមួយរូបមានទឹកចិត្តដ៏ប្រពៃចំពោះក្មេងៗដែលទីទ័លក្រនៅជុំវិញពិភពលោក។

គួរបញ្ចាក់ដែរថា Na Jae-min ឬ Jaemin គឺជាតារាចម្រៀង និងរ៉េបរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេល ៣ឆ្នាំ លោកបានបង្ហាញខ្លួនក្នុងខែសីហា ឆ្នាំ ២០១៦ ក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុសកូរ៉េខាងត្បូង NCT តាមរយៈក្រុមរង NCT Dream ដែលបានក្លាយជាក្រុមលក់ដាច់បំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖IU ​ បញ្ចាក់ច្បាស់​ៗ ពីហេតុផលមិនអាចសហការ​ជាមួយ​តារាអន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម