Connect with us

ព័ត៌មានអន្ដរជាតិ

សេអ៊ូល៖ កូរ៉េខាងជើងរក្សា​គម្លាត​​ពី​អ៊ីរ៉ង់ ព្រោះចង់ទុកផ្លូវខ្លួន​ឯងសម្រាប់​ចរចាជាមួយអាមេរិក

បានផុស

នៅ

ខណៈដែល​សង្គ្រាម​តំបន់មជ្ឈិមបូព៌ាកំពុងឆាប​ឆេះខ្លាំង​ ស្រាប់តែមានការប្រែប្រួលដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងជួរនយោបាយការបរទេសរបស់កូរ៉េខាងជើង។ យោងតាមរបាយការណ៍ពីភ្នាក់ងារចារកម្ម​កូរ៉េខាងត្បូង ដែល​ត្រូវ​បាន​​សារព័ត៌មាន​រ៉យទ័រ​យក​ទៅ​ចុះផ្សាយ​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២៦នេះ បច្ចុប្បន្ន​លោក គីម ជុងអ៊ុន កំពុងព្យាយាមដកខ្លួនឲ្យ​ឆ្ងាយពីមិត្តចាស់គឺប្រទេសអ៊ីរ៉ង់ ដើម្បីទុកផ្លូវសម្រាប់បង្កើតទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក។

ជំនួប​លោក​គីម ជុងអ៊ុន និង​លោកដូណាល់ ត្រាំ ឆ្នាំ​២០១៩ (រូបថត៖ សេតវិមាន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ទីក្រុងព្យុងយ៉ាងមិនបានបញ្ជូនអាវុធ ឬសម្ភារៈសឹកណាមួយទៅ​ឲ្យ​អ៊ីរ៉ង់ឡើយ ហើយថែមទាំងរក្សាភាពស្ងៀមស្ងាត់មិនផ្ញើ​សូម្បី​សាររំលែកទុក្ខចំពោះមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលខុសប្លែកទាំងស្រុងពីទំនៀមទម្លាប់ការបរទេសពីមុនមក។

មូលហេតុដែលនាំ​ឲ្យ​មានការផ្លាស់ប្តូរឥរិយាបថនេះ ត្រូវបានគេជឿថាជាយុទ្ធសាស្ត្រនយោបាយដ៏ឈ្លាសវៃមួយដើម្បីបើកផ្លូវសម្រាប់ការចរចាជាមួយលោក ដូណាល់ ត្រាំ។ ក្រសួងការបរទេសកូរ៉េខាងជើងបានព្យាយាមប្រើប្រាស់ភាសានយោបាយបែបស្រទន់ និងជៀសវាងការរិះគន់ចំៗទៅលើលោកប្រធានាធិបតី ត្រាំ ដែលនេះគឺជាការត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលដែលអាចនឹងកើតមានឡើងរវាងមេ​ដឹកនាំ​ទាំង​ពីរ។ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានបញ្ជាក់ដែរថា ប្រទេសទាំងពីរអាចនឹងរស់នៅជាមួយគ្នាដោយសុខសាន្ត ប្រសិនបើសហរដ្ឋអាមេរិកទទួលស្គាល់ស្ថានភាពនុយក្លេអ៊ែររបស់​ក្រុង​ព្យុងយ៉ាង និងបញ្ឈប់គោលនយោបាយអរិភាព។

ទន្ទឹមនឹងការដើរល្បែងនយោបាយលើឆាកអន្តរជាតិ ប្រជាជនកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ានេះឯង។ តម្លៃទំនិញនៅលើទីផ្សារបានហក់ឡើងខ្ពស់ រីឯអត្រាប្តូរប្រាក់ក៏មានភាពមិនប្រាកដប្រជា ដែលធ្វើ​ឲ្យ​រោងចក្រ និងសង្វាក់ផលិតកម្មជាច្រើនត្រូវគាំងដំណើរការ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ កូរ៉េខាងជើងកំពុងព្យាយាមស្វែងរកការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីជំនួសវិញ។

អ្នកវិភាគបានមើលឃើញថា គ្រប់ជំហានដែលលោក គីម ជុងអ៊ុន កំពុងដើរនៅពេលនេះ គឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់លោក ដូណាល់ ត្រាំ ថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត។ ការរក្សាទំនាក់ទំនងល្អជាមួយអាមេរិកនាពេលនេះ គឺជាយុទ្ធសាស្ត្រដើម្បីជួយឲ្យ​កូរ៉េខាងជើងមានជំហររឹងមាំ និងអាចស្តារសេដ្ឋកិច្ចឡើងវិញបាន នៅពេលដែលភ្លើងសង្គ្រាមក្នុងតំបន់ចាប់ផ្តើមត្រជាក់ទៅវិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម