Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធនៅខេត្តកោះកុង បង្កើតគំនិតច្នៃប្រឌិតលើការធានាសន្តិសុខស្បៀងផ្គត់ផ្គង់ដល់អ្នកទេសចរ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ មើលឃើញពីចំណុចមិនទាន់ល្អប្រសើររបស់ខេត្តកោះកុងនោះទេ ដោយជំរុញដល់អ្នកពាក់ព័ន្ធគប្បីបង្កើតជាគំនិតច្នៃប្រឌិតខ្ពស់បន្ថែមទៀតលើការធានាបានសន្តិសុខស្បៀងអាហារផ្តត់ផ្គង់ដល់អ្នកទេសចរដែលមកលេងកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលស្គាល់់ថា ខេត្តកោះកុងពិតជាមានសក្តានុពលធម្មជាតិច្រើនសំបូរបែប ប៉ុន្តែស្របពេលនិន្នាការមានភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន គ្រប់អ្នកពាក់ព័ន្ធផ្នែកសេវាកម្មទេសចរណ៍ធ្វើយ៉ាងណារួមគ្នាបង្កើតផលិតផលថ្មីដែលមានគុណភាពមកផ្គត់ផ្គង់ជូនអ្នកទេសចរ។

ក្នុងវេទិកាតំបន់ ’’ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន លើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២៥’’ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ដដែលបានបន្តថា ខ្សែសង្វាក់ផលិតផល និងតម្លៃក្នុងវិស័យទេសចរណ៍ បច្ចុប្បន្នផលនេសាទនាំចេញពីខេត្តកោះកុងទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ប៉ុន្តែក៏ត្រូវគិតគូរពីការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ និងរក្សាឱ្យបាននូវសន្តិសុខស្បៀងអាហារផ្គត់ផ្គង់ដោយខ្លួនឯងបាន។

លោក នី ផល្លី គូសបញ្ជាក់ដែរថា ក្នុងន័យនេះ គឺសំដៅដល់ការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចដោយសារតែការនាំផលិតផលកសិកម្ម បន្លែ សាច់ ធនធានជលផលពីប្រទេសខាងក្រៅ។ ហើយមិនត្រូវពឹងផ្អែកលើដង្ហើមគេទាំងស្រុងនោះទេ។ ជាក់ស្តែងសេវាករ ប្រតិបត្តិករ និងតំបន់សហគមន៍ទេសចរធម្មជាតិក្នុងខេត្តកោះកុង មិនគួរបន្តផ្តល់សេវាកម្មបែបបូរាណទៀតទេ ពោលគឺត្រូវមានគំនិតច្នៃប្រឌិត មានជំនាញចំណេះដឹងច្បាស់លាស់ផ្នែកទេសចរ ព្រមទាំងចេះចាប់យកឱកាស ទើបអាចស្វែងរកប្រាក់ចំណូលបាន។

បើតាមលោក សេត រ៉ាស៊ូ ប្រធានការិយាល័យគ្រប់គ្រងឧស្សហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ខេត្តកោះកុងជាខេត្តគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរកម្រិតអន្តរជាតិមួយដែលសំបូរដោយធនធានធម្មជាតិជីវៈចម្រុះបម្រើដល់សេវាកម្មវិស័យទេសចរណ៍។ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរកើនឡើងជាប្រចាំក្នុងអត្រាកំណើនជាមធ្យមប្រមាណ២០ទៅ៥០ភាគរយ ក្នុង១ឆ្នាំ បានជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យទេសចរណ៍។

លោក សេត រ៉ាស៊ូ បានបន្ថែមថា ៥ខែឆ្នាំ២០២៥នេះ ខេត្តបានទទួលភ្ញៀវទេសចរសរុបប្រមាណ៤៧ម៉ឺននាក់ កើនឡើង១៥ម៉ឺននាក់ ស្មើនឹង៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ មន្ទីរទេសចរណ៍ ក៏បានពង្រឹងការគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ដោយធ្វើពិពិធកម្មផលិតផលសេវាកម្មទេសចរណ៍ គុណភាពផលិតផលសេវាកម្ម បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ លើកទឹកចិត្តដល់ការវិនិយោគ ពង្រឹងយន្តការច្បាប់ និងជំរុញអភិវឌ្ឍន៍ផលិតផល សេវាកម្ម នៅតាមសហគមន៍ទេសចរណ៍ជាដើម៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម