ព័ត៌មានជាតិ
ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួនឡើងវិញ
ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើតាមការបង្ហោះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុននេះបន្តិច។

ក្នុងការឆ្លើយតប សម្តេចធិបតី បានលើកឡើងបន្ថែមពាក់ព័ន្ធការបើកច្រកទ្វារព្រំដែនទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា÷
១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។
២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។
៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ ធ្វើការបើកច្រកព្រំដែនអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។
និយាយឱ្យខ្លី គឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។
ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


