Connect with us

កីឡា

អបអរសាទរ! ស្រួង ភាវី ផ្តួល​ជើងខ្លាំង​លេខ​១​លើ​លោក ដើម្បី​គ្រង​ជើងឯក LPBA ឆ្នាំ ២០២៦

បានផុស

នៅ

កីឡាការិនី​​ប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ LPBA Championship លំដាប់​ពិភព​លោក​ ប្រចាំ​ឆ្នាំ ២០២៦​ អម​ដោយ​ប្រាក់​រង្វាន់​​ជាង​ ៣ ម៉ឺន​ដុល្លារ​អាមេរិក ដែល​ទើប​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ការ​ប្រកួត​តាំង​ពី​វគ្គ​សន្សំពិន្ទុ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​មាន​កីឡាការិនី​ចំនួន ១៥២ នាក់​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជុំ​វិញ​ពិភព​លោក ប៉ុន្តែ​​ម្ចាស់​ជើង​ឯក​បាន​ទៅ​ស្ត្រី​ខ្មែរ​ដ៏​ខ្លាំង​​កូកែ​ដែល​មាន​ដើម​កំណើត​ខេត្ត​ត្បូង​ឃ្មុំ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ដោយ​កីឡាការិនី​កម្ពុជា ស្រួង ភាវី ប៉ះ​​កីឡាការិនី Ga-young Kim ដែល​​មាន​ចំណាត់​ថ្នាក់​លំដាប់​​លេខ ១ លើ​ពិភព​លោក។ កីឡាការិនី​កម្ពុជា បាន​យក​ឈ្នះ​កីឡាការិនី​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល ៤ ទល់ ២ គឺ​ជុំ​ទី១ ឈ្នះ​ដោយ​ពិន្ទុ ១១-៥, ជុំ​ទី២ ឈ្នះ​ដោយ​ពិន្ទុ ១១-៨, ជុំ​ទី៣ ចាញ់​ដោយ​ពិន្ទុ ៦-១១, ជុំ​ទី​៤​ ចាញ់​ដោយ​ពិន្ទុ ៣-១១ ប៉ុន្តែ​ជុំ​ទី​៥ ឈ្នះ​ដោយ​ពិន្ទុ ១១-៨ និង​ជុំ​ទី​៦ ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ប្រផុតប្រផើយ​បំផុត​គឺ ១១-១០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

នេះ​ជា​ការ​ឈ្នះ​ជើង​ឯក​លើក​ទី​១០ របស់​កីឡាការិនី ស្រួង ភាវី សម្រាប់​អាជីព​ប៊ីយ៉ាការ៉ុម និងជា​ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ LPBA លើកទី​៨​ ដែល​ធ្វើ​ឲ្យកីឡាការិនី​កម្ពុជាស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​តារាង​ចំណាត់​ថ្នាក់​ម្ចាស់​ជើង​ឯក​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់​នេះ។

សម្រាប់​ការឈ្នះ​ជើង​ឯក​នេះ ស្រួង ភាវី ទទួល​បាន​ប្រាក់​រង្វាន់ ៤០ លាន​វ៉ុន ​(​ជាង ៣ ម៉ឺន​ដុល្លា​អាមេរិក)។ បើ​គិត​ជា​ប្រាក់​រង្វាន់​សរុប​ដែល​កីឡាការិនី​កម្ពុជា​ទទួល​បាន​ពី​ការ​ឈ្នះ​​ជើង​ឯក​ពាន​រង្វាន់​ទាំង ៨ លើក​​​គឺ​ប្រហែល​ជា ៣២ ម៉ឺន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​យ៉ាង​ណា ស្រួង ភាវី ស្ថិត​នៅ​ក្រោម​កីឡាការិនី Ga-young Kim ដែល​ជា​កីឡាការិនី​កំពូលលំដាប់​លេខ ​១ ​លើលោក និង​ប្រចាំ​ប្រទេស​កូរ៉េ។ បើ​ទោះ​បី​ជា​ចាញ់​ ស្រួង ភាវី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​នេះ​ ក៏​ Ga-young Kim នៅ​តែ​ឈរ​លេខ ១ ជា​កីឡាការិនី​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​បំផុត​គឺ​ចំនួន ១៩ លើក និង​រក​បាន​ប្រាក់​រង្វាន់​សរុប​ប្រមាណ ៧៣ ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម