ព័ត៌មានជាតិ
២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ចាប់ពីថ្ងៃទី២៧ ខែមិថុនា មក និងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែកក្កដា, សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងកម្ពុជាបង្ហាញដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។

បតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។ រយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញបានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសច្បាប់Online Scam មានចំនួនដល់ទៅ ជិត១០០នាក់។

ជនសង្ស័យទាំង២២៧០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតាមបណ្ដារាជធានី-ខេត្តចំនួន១២ដូចជា៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម ក្នុង ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ នេះបើតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងពេលចុះប្រតិបត្តិការសមត្ថកិច្ចក៏បានដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត។

សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ បានចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្ជាប់ជាមួយការព្រមានថាបើស្ថាប័នពាក់ព័ន្ធមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ នឹងត្រូវក្លាយជាកម្មវត្ថុនៃផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង៕
ដោយ÷ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ