ព័ត៌មានជាតិ
ផ្អាកមុខងារព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ភ្លាម! រដ្ឋមន្ត្រីយុត្តិធម៌ ដាស់តឿនឱ្យតួអង្គក្នុងវិស័យយុត្តិធម៌ត្រូវតែអនុវត្តច្បាប់បង្ក្រាបការឆបោកតាមអនឡាញ
ភ្លាមៗក្រោយផ្អាកមុខតំណែងព្រះរាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា ដែលដោះលែងជនល្មើសពាក់ព័ន្ធអំពើឆបោកតាមអនឡាញ នៅវេលាម៉ោង១០ រាត្រីថ្ងៃទី១៦ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញមុខបន្តដាស់តឿនមន្ត្រីក្នុងវិស័យយុត្តិធម៌ត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងត្រូវចូលរួមជាមួយសមត្ថកិច្ច ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា តាមបទបញ្ជាដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីថ្ងៃទី១៤ ខែកក្កដា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចេញមកដាស់តឿនតួអង្គក្នុងវិស័យយុត្តិធម៌បែបនេះ បន្ទាប់ពីបានផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសចំនួន៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចេញមកផ្អាកមុខតំណែងរបស់ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា គឺអនុវត្តតាមបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត បន្ទាប់ពីសម្ដេចទទួលបានសេចក្ដីរាយការណ៍ពីខេត្តពោធិ៍សាត់មកថា បុគ្គល គ្រី សីហា បានដោះលែងឧក្រិដ្ឋជនដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ តាមរយៈសារសំឡេងក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម សម្ដេច ហ៊ុន ម៉ាណែត ក៏បានឱ្យអង្គភាពប្រឆាំងអំពើពុករលួយចូលរួមស៊ើបអង្កេត និងត្រូវតែចាត់វិធានការជាបន្ទាន់មិនត្រូវបង្អង់យូរឡើយ ប្រសិនបើបើព្រះរាជអាជ្ញារងរូបនេះទទួលយកសំណូកជាថ្នូរនឹងការដោះលែងឧក្រិដ្ឋជនឆបោកកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចេញមកបញ្ជាក់អំពីវិធាការទៅកាន់តួអង្គក្នុងវិស័យយុត្តិធម៌នៅវេលាយប់ថ្ងៃទី១៦ ខែកក្កិដា ដូច្នេះ៖« យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។ ជាថ្មីម្តងទៀត ខ្ញុំសូមរំលឹកជាថ្មីជូនដល់ឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។ »។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា បានដាក់ចេញបទបញ្ជាលេខ០១ បើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន និងថែមទាំងព្រមានថា បើមន្ត្ត្រីណាមិនអនុវត្តតាមបទបញ្ជានេះត្រូវប្រឈមនឹងទណ្ឌកម្ម តាមរយៈការតែងតាំង ផ្លាស់ប្ដូរឬការបញ្ចប់មុខតំណែង។

ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា នៅក្នុងថ្ងៃទី១៥ ខែកក្កដា លោក កើត រិទ្ធ អះអាងថា បានបើកកិច្ចប្រជុំមួយ ហើយបានណែនាំប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង។

ជាការអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាល តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចខេត្តពោធិ៍សាត់ បង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ដោយបានរកឃើញជនជាតិចិន វៀតណាម មីយ៉ាន់ម៉ាចំនួន២៧នាក់ ក្នុងនោះ មានស្ត្រី៩នាក់។ យ៉ាងណា តាមសេចក្ដីរាយការណ៍នៅថ្ងៃទី១៧ ខែកក្កដា នេះ ក៏បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ ដែល លោក គ្រី សីហា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានដោះលែងដោយមានភាពមិនប្រក្រតីយកមកវិញហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ង៉ិល ណារ៉ាត់

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


