Connect with us

ព័ត៌មានជាតិ

របាយការណ៍៖ រយៈពេល ៧ខែគ្រោះធម្មជាតិបណ្តាលឱ្យមនុស្សស្លាប់-របួសជិត ១៨០នាក់ និងបំផ្លាញផ្ទះជាង៧ពាន់ខ្នង

បានផុស

នៅ

គ្រោះមហន្តរាយធម្មជាតិរួមមានខ្យល់ កន្ត្រាក់ បាតុភូតរន្ទះ និងអគ្គិភ័យក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះបានកើតឡើងជាង៨៦០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត១៨០នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៧ពាន់ខ្នង ក្នុងនោះងាប់គោ ក្របីជាង ៧០ក្បាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ បានកើតឡើងចំនួន ៨៦៨លើក បណ្តាលឱ្យមនុស្សស្លាប់៦០នាក់ របួស១១៩នាក់ និងបំផ្លាញផ្ទះសម្បែងចំនួន៧១៧២ខ្នង។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១៨លើកបណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន៤២៥ខ្នង ផ្ទះរបើកដំបូលចំនួន៦២១៤ ខ្នង របើកដំបូលសាលារៀនចំនួន៤០អគារ របើកតូបផ្សារចំនួន២៣ តូប អគាររដ្ឋបាលចំនួន ១៨កន្លែងស្លាប់មនុស្សចំនួន៥ នាក់ និងរងរបួសចំនួន ៣១ នាក់។

ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន៧៤លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន១៤ខ្នង ស្លាប់មនុស្ស៣៣នាក់ និងរងរបួស៥៥នាក់ ព្រមទាំងងាប់គោក្របីចំនួន៧១ក្បាល។ រីឯគ្រោះអគ្គិភ័យបានកើតឡើងចំនួន៥៧៦លើកបណ្តាលឱ្យឆេះផ្ទះ៥២៩ខ្នងតូបផ្សារ ៦៨ តូប ឃ្លាំងទំនិញចំនួន២២កន្លែង រោងចក្រសិប្បកម្មចំនួន៩ កន្លែង អគាររដ្ឋបាល១០ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២២នាក់ និងរបួសចំនួន៣៣នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅ ឃើញថាមានការថយចុះដោយ៧ខែឆ្នាំមុនគ្រោះមហន្តរាយធម្មជាតិបានកើតឡើងចំនួន៨៥៩លើកបណ្តាលឱ្យមនុស្សស្លាប់៦៦នាក់និងរបួស១១៣នាក់។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២០៩ លើក បណ្តាលឱ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៤៥៩ ខ្នង ខូចខាតផ្ទះមធ្យមចំនួន ៣ ៥៥២ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ អគារ របើកតូបផ្សារចំនួន ២៦ តូប អគាររដ្ឋបាលចំនួន ១៤ អគារ ស្លាប់មនុស្សចំនួន ៤ នាក់ និងរងរបួសចំនួន ៣១ នាក់។

ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៩១ លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន ២៦ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរងរបួស ៤២ នាក់ ព្រមទាំងងាប់គោក្របីចំនួន ៣៣ ក្បាលនិងគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៥៥៦ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥៧៥ ខ្នង តូបផ្សារ ១១៨ តូប ឃ្លាំងទំនិញចំនួន ១៥កន្លែងរោងចក្រសិប្បកម្មចំនួន១៩កន្លែងអគាររដ្ឋបាល១៣ កន្លែងបង្កឱ្យស្លាប់មនុស្សចំនួន១៤នាក់និងរបួសចំនួន៤០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម