Connect with us

ព័ត៌មានជាតិ

គ្រោះទឹកជំនន់នៅកម្ពុជា បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ប៉ះពាល់ជិត៦០០០គ្រួសារ ក្នុងខេត្តចំនួន១៤

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាពលដ្ឋប្រមាណ៦០០០ គ្រួសារ ស្មើនឹង ២៣ ០០០ នាក់ ក្នុងខេត្តចំនួន ១៤ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ គ្រោះធម្មជាតិនេះ ក៏បានបង្កឱ្យមានផ្ទះលិចទឹកជិត ១០០ខ្នង ប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំជាង១ម៉ឺនហិកតា ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី ០៦ ខែសីហានេះថា  គ្រោះទឹកជំនន់នេះ ដោយសារភ្លៀងរដូវវស្សាបានធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដោយសារការទទួលរងឥទ្ធិពលពីខ្យល់មូសុង និរតី ហើយក្នុងនោះបណ្តាខេត្តមួយចំនួននៅភាគពាយ័ព្យបានទទួលរងនូវលំហូរទឹកពីតំបន់ខ្ពង់រាប និងពីប្រទេសជិតខាងតាមទន្លេ ព្រែក និងអូរធ្វើឱ្យជន់ហៀរលិចដីស្រែចំការនិងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន។

លោកបានបន្តថា ទឹកទន្លេមេគង្គបានទទួលទឹកដែលហូរធ្លាក់តាមដៃទន្លេក្នុងភូមិសាស្ត្រ និងទឹកដែលហូរធ្លាក់ពីអាងទន្លេមេគង្គលើធ្វើឱ្យមានការជន់ឡើងលឿន និងបង្កការលិចលង់បឋមនៅតាមទីទំនាបតាមដងទន្លេក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។ បើតាមលោក សុទ្ធ គឹមកុលមុនី គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តចំនួន១៤ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ សៀមរាប កំពង់ចាម ព្រៃវែង កណ្តាល តាកែវ ក្រចេះ ស្ទឹងត្រែង កោះកុង និងខេត្តព្រះសីហនុ។

គ្រោះទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥៩៨១គ្រួសារ ស្មើនឹង ២៣ ៩២៤នាក់ ផ្ទះលិចទឹក ៩៨ខ្នង សាលារៀន ២កន្លែង វត្តអារាម ២កន្លែង ដំណាំស្រូវប៉ះពាល់ ១៣.៨៨៧ ហិកតា និងខូចខាត ៣.១៦១ ហិកតាដំណាំរួមផ្សំប៉ះពាល់ ៦២ ហិកតា។ ក្នុងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ពន្ធ័ជនបទមួយចំនួនដូចជាលិចផ្លូវលំច្រើនខ្សែក្នុងរយៈពេលខ្លី និងដាច់ផ្លូវ ២កន្លែង ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ខូចខាតស្ពានឈើ ៣កន្លែងផ្ទះរលំ ១ខ្នង និងប្រជាជនរងគ្រោះស្លាប់ ២នាក់ (ស្រី១)។

ពាក់ព័ន្ធការដាំដុះវិញ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្បឿននៃការងារបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តបានចំនួន ២.៤៣៥.៣៥៣ ហិកតា ស្មើនឹង ៨១,៣៣% នៃ ផែនការដាំដុះ និងលឿនជាងឆ្នាំមុន ១៤៤.៧៥៨ ហិកតា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម