Connect with us

ព័ត៌មានជាតិ

ជាងចម្លាក់ថ្មនៅតាមប្រាសាទបុរាណ ភាគច្រើនជាអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ

បានផុស

នៅ

លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់បុរាណនៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ខណៈចម្លាក់ក្បាច់មួយចំនួនមានការខូចខាត ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តឹក ទត់ ឱ្យដឹងថា គាត់បានធ្វើការជាអ្នកឆ្លាក់ក្បាច់ចម្លាក់នៅលើថ្មតាមការដ្ឋានជួសជុលប្រាសាទបុរាណរយៈពេលជាង៣០ឆ្នាំមកហើយ។ លោកបានចូលធ្វើការជាអ្នកជួសជុលប្រាសាទបុរាណ ដំបូងជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (JSA) ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩០។ ចាប់តាំងពីពេលនោះមក លោកបានចាប់យកជំនាញជាអ្នកឆ្លាក់ក្បាច់ចម្លាក់លើថ្មនៅតាមប្រាសាទបុរាណ នៅត្រង់កន្លែងណាដែលបាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យឃើញចម្លាក់ឡើងវិញទៅតាមទម្រង់ដែលធ្លាប់មានពីមុន។

លោក តឹក ទត់ បានរៀនសូត្រផ្នែកអក្សរសាស្រ្តខ្មែរត្រឹមថ្នាក់ទី៤ បឋមសិក្សាប៉ុណ្ណោះ ក៏ប៉ុន្តែ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ លោកមានស្នាដៃជួសជុលប្រាសាទបុរាណជាច្រើនដូចជា បណ្ណាល័យនៅប្រាសាទបាយ័ន បណ្ណាល័យរបស់ប្រាសាទអង្គរវត្ត ប្រាសាទនាង១២ ប្រាសាទចៅសាយទេវតា ប្រាសាទតាព្រហ្ម និងប្រាសាទតុបជាដើម។ ស្នាដៃចម្លាក់លើថ្មរបស់លោក ក៏បានបន្សល់ទុកនៅតាមផ្ទាំងថ្មនៃប្រាសាទទាំងនោះដែរ។ ចម្លាក់លើថ្មប្រាសាទ ដែលជាស្នាដៃរបស់គាត់ គឺមានដូចជា ក្បាច់ត្របកឈូក ក្បាច់ផ្កាផ្ញី ក្បាច់រាហ៊ូ រូបអប្សរា និងរូបសត្វមួយចំនួនទៀត។

លោក តឹក ទត់ ធ្លាប់ទទួលបានការបណ្តុះបណ្តាលទ្រឹស្ដីផ្នែកចម្លាក់ថ្មពីក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ (JSA) ហើយទទួលបានការអនុវត្តន៍ផ្ទាល់ពីគ្រូខ្មែរ នៅតាមការដ្ឋានជួសជុលប្រាសាទនានាជាច្រើនឆ្នាំ។ ក្រៅពីរូបលោក លោកក៏មានកូនប្រុស២នាក់​ ក្នុងចំណោមកូនទាំង៥នាក់មាននិស្ស័យខាងចម្លាក់ដូចរូបគាត់ដែរ។ បច្ចុប្បន្ន ថ្វីត្បិតតែកូនប្រុសរបស់គាត់២នាក់ ដែលចេះជំនាញខាងឆ្លាក់ក្បាច់ និងរូបនៅលើថ្មក្តី ក៏ពួកគេមិនបានចូលធ្វើការងារជាអ្នកជួសជុលប្រាសាទនោះទេ គឹធ្វើការងារជាជាងចម្លាក់ឱ្យក្រុមហ៊ុនឯកជន។

ស្ថិតក្នុងវ័យជិត៦០ឆ្នាំទៅហើយ លោក តឹក ទត់ ហាក់ដឹងថា វ័យរបស់លោកកាន់តែចាស់ហើយ ពេលវេលាដែលផ្ដល់ឱ្យរូបលោកចូលរួមក្នុងការងារជួសជុលប្រាសាទបុរាណ នឹងមិនមានច្រើនទៀតឡើយ។ លោកក៏បានផ្ដាំផ្ញើថា ប្រសិនបើបាត់រូបលោកពីលើផែនដីនេះទៅ សូមកូនខ្មែរដែលបានមកទស្សនាប្រាសាទបុរាណ ហើយឃើញចម្លាក់ដែលបានចារទុកថ្មីៗនៅតាមប្រាសាទ គឺសូមឱ្យគ្រប់គ្នារម្លឹកដល់ឈ្មោះរបស់លោកផង។ បន្ថែមលើនេះ លោកក៏អំពាវនាវឱ្យកូនខ្មែរ ត្រូវតែរួមគ្នាជួយថែរក្សាសិល្បៈ ដ៏មានតម្លៃរបស់ដូនតាខ្មែរ ព្រមទាំងខំរៀនសូត្រអំពីក្បួនឆ្លាក់ថ្មទាំងនេះ ដើម្បីធ្វើជាអ្នកបន្តវេនទៅជំនាន់ក្រោយ កុំឱ្យបាត់បង់មរតកសិល្បៈដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ។

លោកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសខាងជួសជុលថ្មរបស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ Korea Heritage Agency (KHA) ទទួលស្គាល់ថា ស្នាដៃចម្លាក់លើថ្មរបស់លោក តឹក ទត់ គឺល្អ ដែលទទួលបានការកោតសរសើរពីអ្នកជំនាញអន្តរជាតិ និងអាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម