ព័ត៌មានអន្ដរជាតិ
វត្តមានយោធាអាមេរិកនៅសមយុទ្ធ«Zapad 2025» បន្ថយកម្តៅរវាងណាតូអឺរ៉ុប និងរុស្ស៊ី
ភាពតានតឹងផ្នែកយោធាដែលឡើងកម្តៅដល់កម្រិតខ្ពស់បំផុតរវាងអង្គការណាតូ និង កងទ័ពរុស្ស៊ីដែលធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពបេឡារុសក្នុងទឹកដីបេឡារុសក្បែរព្រំដែនប្រទេសប៉ូឡូញ បានធូរស្រាលឡើងវិញ បន្ទាប់សហរដ្ឋាមេរិកបានបញ្ជូនមន្ត្រីយោធា២រូបទៅចូលរួមអង្កេតការណ៍សមយុទ្ធយោធាដ៏ចម្រូងចម្រាសនោះ ដែលធ្វើឲ្យកងទ័ពណាតូអឺរ៉ុបប្រុងជើងការកម្រិតខ្ពស់។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សាបញ្ចប់ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន និងព្យាយាមមិនឲ្យជម្លោះយោធារីករាលដាលទៅតំបន់ផ្សេងទៀត សូម្បីតែប្រទេសប៉ូឡូញ និង ភាគីអង្គការណាតូ បានចោទប្រកាន់រុស្ស៊ីថា បានបញ្ជាដ្រូន១៩គ្រឿង ចូលដែនអាកាសប៉ូឡូញដោយចេតនា ក៏រដ្ឋបាលសហរដ្ឋអាមេរិក ចាត់ទុកថា «កើតឡើងដោយសារកំហុស» ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Robio បាននិយាយថា «អាមេរិកនៅត្រូវការប្រមូលព័ត៌មានបន្ថែមទៀត»។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ យ៉ាងហោចណាស់មន្ត្រីយោធាអាមេរិកពីរនាក់ ដោយម្នាក់ជាវរសេនីយ៍ទោ Bryan Shoupe នៃកងទ័ពអាកាស និងមន្ត្រីយោធាមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត បានស្ថិតនៅក្នុងប្រទេសបេឡារុស ដើម្បីសង្កេតមើលលំហាត់សមយុទ្ធយោធា «Zapad-2025» នៅប្រទេសបេឡារុស ដែលត្រូវបានឃ្លាំមើលដោយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Yunus-Bek Yevkurov។
កាសែតអង់គ្លេសនេះបន្តថា មន្ត្រីយោធាអាមេរិកបានសង្កេតមើលការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងរុស្ស៊ី និងបេឡារុសកាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីទីក្រុងមូស្គូបានប្រើប្រាស់បេឡារុស្សជាកន្លែងបាញ់បង្ហោះចូលអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ។
ជាវិធានការប្រុងប្រៀបទុកមុន ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានយល់ព្រមលើការដាក់ពង្រាយកងកម្លាំងណាតូនៅក្នុងប្រទេសប៉ូឡូញ ជាផ្នែកនៃប្រតិបត្តិការយោធាបូព៌ា «Eastern Sentry» ដែលជាការឆ្លើយតបទៅនឹងការរំលោភដែនអាកាសដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនាពេលថ្មីៗនេះ ចូលទៅក្នុងដែនអាកាសប៉ូឡូញ និងបង្កើនភាពតានតឹងនៅតាមព្រំដែនភាគខាងកើតរបស់ណាតូ។
ក្នុងប្រតិបត្តិការនេះពាក់ព័ន្ធនឹងកងទ័ពពហុជាតិសាសន៍ ប្រទេសនានាសមាជិកណាតូក្នុងតំបន់អឺរ៉ុប ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ហូឡង់ និងប្រទេសច្រើនទៀត បានសម្រេចបញ្ជូនយន្តហោះចម្បាំងទំនើប រួមមាន F-35As, Rafales, Eurofighters, យន្តហោះ F-16 របស់ដាណឺម៉ាក និងយុទ្ធោបករណ៍ច្រើនទៀតទៅកាន់ព្រំដែនប៉ូឡូញ។
ការដាក់ពង្រាយនេះមានគោលបំណងពង្រឹងការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ និងទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើតមានដូចជាសង្គ្រាមដ្រូន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់ប៉ូឡូញលើការពិគ្រោះយោបល់មាត្រា ៤ ដែលបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះបូរណភាពទឹកដី និងបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅលើផ្នែកខាងកើតរបស់អង្គការណាតូ។
Moscow Times បានស្រង់សម្តី រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បានប្រាប់មន្ត្រីយោធាអាមេរិកនៅទីលានសមយុទ្ធ Borisovsky ក្នុងតំបន់ Minsk ថា «យើងនឹងបង្ហាញអ្នកនូវអ្វីដែលអ្នកចាប់អារម្មណ៍ អ្វីដែលអ្នកចង់បាន។ អ្នកអាចទៅមើលដោយខ្លួនឯង និយាយជាមួយមនុស្ស»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


