វប្បធម៌ ជំនឿ
បង្ហាញអត្ថន័យពិត “ញាតិទាំង ៧ សន្តាន” ដែលពុទ្ធសាសនិកមិនដែលដឹង និងធ្លាប់ភាន់ច្រឡំ
ប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា តែងមានជំនឿថា បុណ្យ និង បាប មិនបានស៊ីសងគ្នាបានឡើយ ឬ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ទាំងនៅជាតិនេះដែលខ្លួនកំពុងរស់នៅ និងបរលោក គឺលោកខាងមុខ បន្ទាប់ពីខ្លួនស្លាប់ គឺអាចឡើងឋានសួគ៌ ធ្លាក់ឋាននរក ឬកើតជាតិថ្មីនៅឋានកណ្ដាល ភពផែនដីដដែល តាមកម្មផលដែលខ្លួនបានកសាង។

ដូច្នេះនៅពេលគេធ្វើសេចក្ដីល្អ ឬបុណ្យទានអ្វីមួយ មិនថានៅផ្ទះផ្ទាល់ខ្លួន នៅភូមិ នៅវត្តអារាម ឬតាមទីសក្ការបូជានានា ពិសេសក្នុងឱកាសរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំ គេតែងសំបូងសង្រូង រលឹកនឹកឧទ្ទិសកុលសដល់ញាតិមិត្តដែលបានចែកឋាន ក្រែងកាលនៅរស់ បានប្រព្រឹត្តអំពើបាបដោយប្រការណាមួយដើម្បីចិញ្ចឹមកូនចៅ សូមមកទទួលមគ្គផលបានស្រាកស្រាន្តពីទុក្ខកម្មពៀរវេរា ឬបើបាននៅទីសមគួរហើយ សូមបានកាន់តែប្រសើរ និងងាកក្រោយថែរក្សាឱ្យពរជ័យកូនចៅឱ្យធ្វើសេចក្ដីល្អ និងបានសុខចម្រើន។

អ្វីដែលប្រជាពលរដ្ឋទូទៅទាំងចាស់ក្មេង តែងទន្ទេញចាំមាត់គ្រប់ៗគ្នា គឺសូមឧទ្ទិសកុសលជូនដល់ ញាតិទាំង ៧ សន្ដាន ទាំងអ្នកខ្លះមិនដឹងថា ញាតិទាំង ៧ សន្ដាន នោះមានអ្វីខ្លះផង។ មតិខ្លះបានលើកឡើង និងបង្ហោះ រហូតមានការចែករំលែក (Share) តៗគ្នា តាមបណ្ដាញសង្គមថា ញាតិទាំង ៧ សន្ដាន រួមមាន៖ ១ ឪពុកម្ដាយ, ២ កូន, ៣ ចៅ, ៤ ចៅទួត, ៥ ចៅលួត, ៦ ចៅលា, ៧ ចៅប៉ា ចៅចុងកុល។ ប៉ុន្តែការលើកឡើងនេះ សមហេតុផល ដ្បិតបើទោះជាខ្លួនអាយុវែងមានដល់ចៅទួត ហើយចៅទួត អាចបាត់បង់ជីវិតទាំងវ័យក្មេងដោយប្រការណាមួយមែន ក៏មិនគួរណា ខ្លួនបែរជា ឧទ្ទិសកុសល ដល់ ចៅលា ចៅប៉ា ចៅចុងកុល ឬចុងគល់ នោះដែរ។

ជាមួយគ្នានេះ មានការលើកឡើង និងបង្ហោះ រហូតមានការចែករំលែកតៗគ្នា តាមបណ្ដាញសង្គមទៀតថា ញាតិទាំង ៧ សន្ដាន គឺ ញាតិខាងលើ ៣ ជំនាន់ ញាតិស្មើខ្លួន និងញាតិក្រោម៣ ជំនាន់ ពោលគឺ ១ ជីទួតតាទួត, ២ យាយតា, ៣ ម្តាយឪពុក, ៤ បងប្អូនបង្កើត និងជីដូនមួយ, ៥ កូន, ៦ ចៅ, ៧ ចៅទួត។ ការលើកឡើងនេះ ហាក់ដូចជាសមហេតុផលដែរ ដ្បិតអ្នកដែលឧទ្ទិសកុសលនោះ អាចកើតទាន់ ឬស្គាល់ ញាតិទាំង ៧ ជំនាន់នោះ។ ប៉៉ុន្តែក៏នៅតែមិនទាន់ច្បាស់។

ដើម្បីកាន់តែគួរឱ្យទុកចិត្ត “កម្ពុជាថ្មី” បានទួលសួរ ព្រះចៅអធិការ វត្តរស្មីសាមគ្គីរតនារាម ស្ថិតនៅ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ព្រះគ្រូរស្មីសិរីវឌ្ឍនមុនី មានថេរដីកា នៅថ្ងៃនេះថា តាមព្រះត្រៃបិដក ចាកអដ្ឋកថា វិន័យបិដក សិក្ខាបទនិស្សគ្គិយ ចែងថា ញាតិទាំង ៧ សន្ដាន រួមមាន៖
១- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ មាតា បិតា។
២- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ យាយ តា។
៣- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ យាយទួត តាទួត។

៤- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ យាយលួត តាលួត។
៥- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉, ចៅចុងកុល របស់ យាយលា តាលា។
៦- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ យាយជីប៉ា តាជីប៉ា។
៧- បងប្អូនប្រុស, បងប្អូនស្រី, ក្មួយ, កូន, ចៅ, ចៅទួត, ចៅលួត, ចៅលា, ចៅជីប៉ា, ចៅចុងកុល របស់ យាយចុងកុល តាចុងកុល។

គួរបញ្ជាក់ថា បុណ្យភ្ជំុបិណ្ឌ ត្រូវបានគេហៅថា “ពិធីសែនដូនតា” ដែលមានប្រវត្តិតាំងពី មុនសម័យអង្គរ។ ពិធីសែនដូនតា ជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់។ តាមដំណាលរឿងនៃញាតិ ព្រះបាទពិម្ពិសារ ក្នុងគម្ពីរតិរោកុឌ្ឌសូត្រ គេមានជំនឿថា ក្នុង១ឆ្នាំម្ដង នៅរដូងភ្លៀវ មេឃអួអាប់ ខែរនោចនេះ យមរាជ យមបាល ដោះលែងសត្វនរក ឱ្យមកទទួលផលបុណ្យដែលញាតិមិត្តធ្វើបុណ្យឧទ្ទិសកុសលជូន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រារព្ធពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឬនៅចន្លោះ ខែកញ្ញា និង ខែតុលា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


