Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល ៣ រូប និង ៩ ក្រុមហ៊ុន ចំពោះការដឹកប្រេងអ៊ីរ៉ង់ទៅចិន

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មថ្មី​ប្រឆាំងនឹងមនុស្ស ៣ នាក់ និងក្រុមហ៊ុនចំនួន៩ រួមទាំងក្រុមហ៊ុន ៤ នៅ​ហុងកុង ​៤ នៅអារ៉ាប់រួម និង ១ នៅអូម៉ង់ ចំពោះ​ការជួយដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការចុងក្រោយពី​ក្រសួងរតនាគារអាមេរិកលើក​នេះ ធ្វើឡើងក្រោយក្រសួងកាលពីថ្ងៃសុក្រ បាន​ប្រកាសពី​ទណ្ឌកម្ម​លើបុគ្គល និងក្រុមហ៊ុនផ្សេងៗ ដែលជួយអ៊ីរ៉ង់ទិញអាវុធ និងគ្រឿងបន្លាស់​សម្រាប់ផលិត​ដ្រូន និងមីស៊ីលផ្លោង។ វាក៏ធ្វើឡើងផងដែរ តែ ២ ថ្ងៃប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅចិន ដោយគេរំពឹងថា លោកនឹង​​ជំរុញ​ឱ្យ​ចិន​ដាក់សម្ពាធ​លើអ៊ីរ៉ង់ឱ្យសម្រេចកិច្ចព្រមព្រៀងទូលំទូលាយជាមួយអាមេរិក និងបញ្ចប់ជម្លោះ ដែលអាមេរិក និងអ៊ីស្រាអែលបាន​បំផ្ទុះឡើង ដើម្បីបើកច្រកហ័រមូហ្សឡើងវិញ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មថ្មីពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ផ្តោតលើបុគ្គល និងក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីបទជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លក់ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនបិទបាំងមុខ​ (Front Company: ក្រុមហ៊ុន​អាជីវកម្មស្របច្បាប់​ ដែល​បង្កើតឡើងដើម្បីបិទបាំងសកម្មភាព ឬលាក់បាំងម្ចាស់កម្មសិទ្ធិពិតប្រាកដ)​។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ បាន​ថ្លែងថា រដ្ឋបាលលោក ត្រាំ នឹងបន្តប្រើប្រាស់ទណ្ឌកម្មដើម្បីរារាំងការផ្តល់មូលនិធិសម្រាប់កម្មវិធីអាវុធ សកម្មភាពនុយក្លេអ៊ែរ និងក្រុមប្រូកស៊ី ក្នុងតំបន់របស់អ៊ីរ៉ង់។

លោក Bessent ​ថ្លែងយ៉ាងដូច្នេះថា៖ «ក្រសួងរតនាគារនឹងបន្តកាត់ផ្តាច់របបអ៊ីរ៉ង់ ចេញពីបណ្តាញហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់ដើម្បីអនុវត្តសកម្មភាពភេរវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព»។

ដោយឡែកក្រសួងការបរទេស​អាមេរិកឯណោះវិញ ​បានប្រកាសផ្តល់រង្វាន់រហូតដល់ ១៥ លានដុល្លារសម្រាប់ការផ្ដល់ព័ត៌មានដែលជួយរំខានដល់បណ្តាញហិរញ្ញវត្ថុរបស់ IRGC និង​បក្សពួកពាក់ព័ន្ធ ដែល​អាមេរិក​ចាត់ថ្នាក់ជាអង្គការភេរវកម្ម។

ក្រសួងរតនាគារបាននិយាយថា IRGC ប្រើប្រាស់ក្រុមហ៊ុនមាន​តែសម្បក (shell) ដើម្បីគ្រប់គ្រងការទូទាត់សម្រាប់ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។ ក្រសួង​បានបន្ថែមថា ទណ្ឌកម្មចុងក្រោយបំផុតគឺផ្អែកលើវិធានការដែលដាក់ចេញក្នុងខែកក្កដា ឆ្នាំ ២០២៥ ប្រឆាំងនឹងក្រុមហ៊ុននៅតួកគី Golden Globe ​ដែល​​គ្រប់គ្រង​ការលក់ប្រេង​អ៊ីរ៉ង់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។

​ក្រសួងរតនាគារបាន​ឱ្យដឹងទៀតថា បុគ្គល​ដែលរងទណ្ឌកម្មថ្មីទាំង ៣ នាក់នេះ ធ្វើការឱ្យទីស្នាក់ការកណ្តាលប្រេង Shahid Purja’fari របស់ IRGC និងបានជួយសម្របសម្រួលការទូទាត់ប្រាក់តាមរយៈក្រុមហ៊ុន Golden Globe៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម