Connect with us

សេដ្ឋកិច្ច

អ្នកស្រី ឡាច យង់ ចម្រាញ់រុក្ខជាតិផ្ចាក់ធ្វើប្រេង​ក្នុងមួយលីត្រតម្លៃ ១០ម៉ឺនរៀល

បានផុស

នៅ

 ខេត្តស្វាយរៀង៖  ប្រជាពលរដ្ឋរស់នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងប្រមាណ ៥គ្រួសារ បានងាកមកប្រកបមុខរបរចម្រាញ់ប្រេងផ្ចាក់ ពីរុក្ខជាតិស្លឹកផ្ចាក់ ធ្វើជាប្រេងលក់ ដើម្បីផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីធ្វើស្រែចម្ការរួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឡាច យង់ អាយុ៧០ឆ្នាំ រស់នៅភូមិត្រោក ឃុំខ្សែត្រ ប្រកបមុខរបរនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។ អ្នកស្រី បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រីក្រោយពីធ្វើស្រែចម្ការរួចនោះមានមុខរបរមួយទៀត គឺចម្រាញ់ប្រេងផ្ចាក់ ដើម្បីផលិតយកប្រេងលក់ ដោយមានឈ្មួញមកទិញដល់ផ្ទះ  ឬដឹកយកទៅលក់ផ្ទាល់ ក្នុងមួយថ្ងៃៗ អាចផលិតបានប្រេងចាប់ពី ២លីត្រ ទៅ៣លីត្រ និងក្នុងមួយលីត្រលក់បានតម្លៃ១០ម៉ឺនរៀល។

អ្នកស្រី បានបន្ថែមទៀតថា ចំណេះដឹងក្នុងការចម្រាញ់ផ្ចាក់នេះ គឺរៀនតៗគ្នា។ ចំណែកវត្ថុធាតុដើម អ្នកស្រី ឡាច យង់ បានម៉ៅចម្ការផ្ចាក់ពីអ្នកភូមិ ក្នុងតម្លៃមួយហិកតា ៤០ម៉ឺនទៅ ៥០ម៉ឺនរៀល ដើម្បីយកមកចម្រាញ់ជាប្រេង។

អ្នកស្រី យង់ ថ្លែងដូច្នេះថា« ដើមផ្ចាក់នេះមិនពិបាករកនោះទេ ដោយវាដុះតាមវាលស្រែ គ្រាន់ថាបើវាដុះលើដីគេ យើងត្រូវទិញពីគេ ឬសុំគេកាប់យកទៅ ចម្រាញ់តែប៉ុណ្ណោះ កាលពីមុនការចម្រាញ់ ស្លឹកផ្ចាក់នេះ ពុំសូវត្រូវប៉ាន់ទេ តែមកដល់បច្ចុប្បន្ននេះ គឺមានតម្លៃខ្ពស់ គួរសមដែលធ្វើ ឱ្យប្រជាពលរដ្ឋក្នុងភូមិមានលទ្ធភាព គ្រប់គ្រាន់ក្នុងការផលិតប្រេងផ្ចាក់នេះ»។

បើតាមអ្នកស្រី ឡាច យង់ ប្រេងដែលចម្រាញ់ចេញពីដើម និងស្លឹកផ្ចាក់ គឺធ្វើជាឱសថ ប្រេងខ្យល់ និងប្រេងរិត ជាដើម។ រុក្ខជាតិនេះ មិនសូវមានអ្នកស្គាល់នោះទេ គឺភាគច្រើនមានដុះនៅខេត្តស្វាយរៀង និងព្រៃវែង៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម