សេដ្ឋកិច្ច
ម្ចាស់អាជីវកម្មមួយចំនួនងាកមកកែច្នៃគធ្វើចំណីសត្វ និងក្រណាត់ធ្វើសម្លៀកបំពាក់
មនុស្សជាច្រើន មិនបានដឹងពីអត្ថប្រយោជន៍នៃដើមគដែលដុះនៅជុំវិញផ្ទះថា មានសារៈសំខាន់យ៉ាងណានោះទេ។ ប៉ុន្តែមានម្ចាស់អាជីវកម្មមួយចំនួន ដែលស្គាល់ពីតម្លៃនៃដើម ស្លឹក និងផ្លែគ បានចាប់ផ្តើមយកវាទៅកែច្នៃចេញជាលទ្ធផលផ្សេងៗ។

ជាក់ស្តែងលោក ហេង មករា ម្ចាស់អាជីវកម្មធ្យូងអនាម័យ បាននិងកំពុងដាំដើមគលើផ្ទៃដីចំនួន ២០ហិកតា នៅខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមកែច្នៃធ្វើជាចំណីសត្វ និងធូបជាដើម។ លោក ហេង មករា បានប្រាប់កម្ពុជាថ្មីថា ដើមគ មានអាយុ ២ឆ្នាំ ក្រោយពេលដាំអាចប្រមូលផលជាស្លឹកបាន។ លោកបានឱ្យដឹងដូច្នេះថា «សម្រាប់សិប្បកម្មធ្វើធូប គេត្រូវការស្លឹកគ ដោយសារស្លឹកគស្អិត ស្រួលមូរ និងឆេះល្អ»។ លើសពីនេះទៀត ស្លឹកគ គេអាចប្រើប្រាស់លាយជាមួយចំណីសត្វ មានដូចជា ចំណីសត្វមាន់ ត្រី ជ្រូក គោ ដោយក្នុងស្លឹកគ មានប្រូតេអ៊ីនខ្ពស់ ធ្វើឱ្យសត្វលូតលាស់បានលឿន។ ជាងនេះទៀត ផ្កាគ អាចមានប្រយោជន៍ដល់ការចិញ្ចឹមឃ្មុំ ដែលអាចទទួលបានទឹកឃ្មុំផ្អែមល្អទៀតផង។ ចំណែកដើមធំៗ មានអាយុច្រើន អាចកែច្នៃធ្វើជាក្តារពុម្ពបម្រើដល់ការសាងសង់ផ្សេងៗ។ នេះជាការបញ្ជាក់របស់លោក ហេង មករា។

ទន្ទឹមនឹងនេះ អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស ក៏បានទាញផលប្រយោជន៍ពីផ្លែគផងដែរ។ បច្ចុប្បន្នអ្នកស្រី ស៊ីមហ៊ាង បានកែច្នៃសំឡីគរត្បាញជាអម្បោះចេញជាក្រណាត់ធ្វើសម្លៀកបំពាក់។ ដូច្នេះអាវក្រណាត់គ នឹងមានវត្តមាននៅលើទីផ្សារឆាប់ៗនេះ។ អ្នកស្រីបន្តថា សំឡីគងាយស្រួលក្នុងការកែច្នៃ ដោយគ្រាន់តែយកមកបញ្ចូលក្នុងឧបករណ៍រហាត់រវៃ ដើម្បីឱ្យចេញជាអម្បោះ សម្រាប់ត្បាញធ្វើជាក្រណាត់អាចច្នៃធ្វើជាអាវបាន។ អាវដែលធ្វើចេញពីគ មានសាច់ត្រជាក់ និងស្រាលស្រួលពាក់។

ម្ចាស់ហាងកីមាស អ្នកស្រី តិច ស៊ីមហ៊ាង បានគូសបញ្ជាក់ថា ការរកឃើញគំនិតថ្មីនេះ គឺជាការរួមចំណែកផ្តល់ការងារដល់ស្រ្តីនៅក្នុងតំបន់ផង និងសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ដែលមានគុណភាពសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិផង។

របកគំហើញថ្មីនេះ គឺជាការរួមចំណែករបស់កូនខ្មែរ កែច្នៃផលិតផលក្នុងស្រុក ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ទៅលើវត្ថុធាតុដើមដែលមានស្រាប់។ កន្លងមកពលរដ្ឋខ្មែរ ដឹងត្រឹមថា គរអាចប្រើប្រាស់ធ្វើជាសំឡីសម្រាប់ជាខ្នើយកើយប៉ុណ្ណោះ។ តែបច្ចុប្បន្នកូនខ្មែរ សម័យទំនើបតែងតែរិះរកគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍ផលិតផលក្នុងស្រុកដែលមានស្រាប់ ជួយដល់កសិករ និងសង្គមជាតិ តាមរយៈកែច្នៃផលិតផលដែលមានគុណភាពសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ លើសពីនេះទៀត វត្ថុធាតុដើមនៅក្នុងស្រុកងាយស្រួលរក និងមានតម្លៃធូរថ្លៃ ដែលផ្តល់ឱកាសទទួលបានប្រាក់ចំណេញខ្ពស់៕ អត្ថបទ៖ ទួន សុផល







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


