Connect with us

សេដ្ឋកិច្ច

អាជីវកម្មបរិយាប័ន្ន ជាបណ្ដុំសំខាន់​សម្រាប់អនាគត​ប្រកបដោយនិរន្តរភាព​លើកកម្ពស់​សហគ្រាសសង្គម

បានផុស

នៅ

កិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ផ្តោតលើការគាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំសម្រាប់ការ​លើកកម្ពស់​អាជីវកម្មបរិយាប័ន្នក្នុងតំបន់អាស៊ាន ជាពិសេសលើអត្ថប្រយោជន៍វិនិយោគ ឧបករណ៍គោលនយោបាយ និងយន្តការគាំទ្រ គោលនយោបាយសម្រាប់អាជីវកម្មបរិយាប័ន្ន។ កិច្ចប្រជុំកំពូលនេះ ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការ​ចំាបាច់ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតនូវបរិយាកាសអំណោយផលមួយនៅក្នុងតំបន់អាស៊ាន និងកិច្ច​ពិភាក្សាអំពីគំនិតផ្តួចផ្តើមដែលមានសក្តានុពលឆ្ពោះទៅមុខបន្ដទៀតក្រោមយន្ដការតំបន់ដើម្បីលើកកម្ពស់អាជីវកម្មបរិយាប័ន្ន ដែលក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មបរិយាប័ន្ន ជាផ្នែកមួយដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា “អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់ហើយសង្ឃឹមថា អាស៊ាន នឹងបន្តដឹកនាំរបៀបវារៈនៃអាជីវកម្មបរិយាប័ន្ន និងដាក់ចេញនូវកម្មវិធីប្រាកដប្រជាបន្ថែមទៀតស្តីពីអាជីវកម្ម បរិយាប័ន្ន ដោយភ្ជាប់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន រួមទាំងក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។’’

លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ប្រព្រឹត្តទៅនៅថ្ងៃទី២៦២៧ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងទម្រង់ “Hybrid”និងស្ថិតក្រោមបាវចនា “ទាំងអស់​គ្នាដើម្បីបរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន- Together ASEAN IBee (Inclusive Business enabling environment)”។

លោក Christian Jahn នាយកប្រតិបត្តិនៃបណ្តាញសកម្មភាពអាជីវកម្មបរិយាប័ន្ន (iBAN) បានកត់សម្គាល់ថា “អាស៊ានកំពុងត្រូវបានសកលលោកចាត់ទុកថា ជាអ្នកត្រួសត្រាយ និងជាអ្នកបំផុសគំនិតសម្រាប់ការលើក​កម្ពស់​អាជីវកម្មបរិយាប័ន្ន ចាប់តាំងពីមេដឹកនាំអាស៊ានបានអំពាវនាវឱ្យបង្កើតបរិយាកាស​អំណោយផលសម្រាប់អាជីវកម្ម​កាល​ពីឆ្នាំ២០១៧ កន្លងមក។ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង លើកដំបូងទៅលើអាជីវកម្មបរិយាប័ន្នក្នុងឆ្នាំ២០១៩ បានរួមចំណែកដល់ការចាប់ផ្តើមនៃកម្មវិធីអភិវឌ្ឍន៍គោលនយោបាយអាជីវកម្មបរិយាប័ន្ន នៅក្នុងអនុតំបន់សាហារ៉ា​អាហ្វ្រិកផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាននៅឆ្នាំនេះ អ្នកបង្កើតគោលនយោបាយ​មកពីប្រទេស​នីហ្សេរីយ៉ា ហ្សាំប៊ី និងឥណ្ឌា ព្រមទាំងចែករំលែក និងពិភាក្សា អំពីវឌ្ឍនភាពជាមួយដៃគូអាស៊ានរបស់ពួកគេ។កិច្ចសន្ទនានេះបង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយអំពីអាជីវកម្មបរិយាប័ន្ន កំពុងទទួលបានសន្ទុះនៅទូទាំងពិភពលោក ដែលរួមចំណែកឆ្ពោះទៅរកការផ្លាស់ប្តូរទីផ្សារសង្គមអេកូឡូស៊ីសកល។”

លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិ​បត្តិ​នៃគណៈ​កម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (ESCAP) បានលើកឡើងថា “ក្រៅពីសកម្មភាពរបស់រដ្ឋាភិបាល វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការស្ដារឡើង​វិញនៃសេដ្ឋកិច្ចសម្រាប់អនាគតប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់។ក្នុងន័យនេះ គំរូអាជីវកម្មប្រកបដោយ​នវានុវត្តន៍ ដូចជាអាជីវកម្មបរិយាប័ន្នកំពុងលេចឡើង ហើយបង្ហាញថាអាជីវកម្មទាំងនោះអាចផ្តល់ទំនិញ សេវាកម្ម និងជីវភាពរស់នៅ ដែលឈរលើគោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណេញ ទៅដល់មនុស្សដែលតែងមើលរំលង ដោយសារតែពួកគេផ្តោតលើតែអាជីវកម្មដែលទទួលបានប្រាក់ចំណេញសុទ្ធ។

សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយក្រុមប្រឹក្សាផ្នែក​ប្រឹក្សាធុរ​កិច្ចអាស៊ាន និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានរៀបចំកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីលៀងសាយភោជន៍ នៃកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ ដោយបានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នចំនួន១០មកពី​​បណ្តាប្រទេសអាស៊ាន សម្រាប់ការ​អនុវត្តបានយ៉ាងល្អរបស់ពួកគេ ក្នុងការប្រកាន់ខ្ជាប់នូវគោលគំនិតអាជីវកម្មបរិយាប័ន្ន និងបង្កើត ផលប៉ះពាល់​សេដ្ឋកិច្ចសង្គមលើក្រុមមនុស្សនៅបាតនៃពីរ៉ាមីត(Base of the Pyramid – BoP)។

អាជីវកម្មបរិយាប័ន្ន គឺជាក្រុមហ៊ុនអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចអាចរកប្រាក់ចំណូល ដែលមាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជនក្រីក្រ​និងប្រ​ជាជន​ដែលមានចំណូលទាបនៅបាតនៃពីរ៉ាមីត។  

ចាប់តាំងពីឆ្នាំ២០២០ មក កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងអាស៊ាន ក្នុងការលើកកម្ពស់
អាជីវ​កម្ម​បរិយាប័ន្ន។ នៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានផ្សព្វផ្សាយរបាយការណ៍សិក្សាអំពីទីផ្សារអាជីវកម្ម បរិយាប័ន្នជាលើកដំបូងរបស់ខ្លួន និងបានធ្វើការវាយតម្លៃទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នលើកទី១ ដោយបានទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នចំនួន ១៨។ ក្នុងខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល កម្ពុជាបានចេញសេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន (IB Steering Group) ក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដោយមានការចូលរួមពីតំណាង​ក្រសួងនិងស្ថាប័នរាជរដ្ឋាភិបាល និងសមាគមធុរកិច្ច ដើម្បីដឹកនាំគំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន​នៅក្នុង​ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម