Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល៖ ការកសាងច្បាប់កម្មសិទ្ធិបញ្ញា​ជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា ប្រកាន់យករបប​សេដ្ឋកិច្ចទីផ្សារ

បានផុស

នៅ

ការកសាងច្បាប់កម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារ ដោយផ្តោតសំខាន់លើវិស័យឯកជនជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក បានឱ្យដឹងថា ការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា គឺដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មាន​សារៈសំ​ខាន់ណាស់ ដល់ភាពរីកចម្រើនរបស់វិស័យឯកជន តាមរយៈការបង្កើតផលិតផលដែលមានម៉ាករបស់កម្ពុជា ការបង្កើតស្នា​ដៃការបង្កើនផលិតភាព លើកទឹកចិត្តឱ្យមានការផ្ទេរបច្ចេកវិទ្យាចាំបាច់ និងជំរុញនវានុវត្តន៍នៅគ្រប់វិស័យ។ នៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ កម្ពុជាកំពុងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា មានដូចជា៖ (១) ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (២)ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល (៣)ច្បាប់ស្តីពីប្រកាស​នីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម (៤) ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង(៥)ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងកិច្ចព្រមព្រៀងអន្តរជាតិ​ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដទៃទៀត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីដឹកនាំសម្រប​សម្រួលការ​ងារពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា សំដៅជំរុញ និងធានាការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធីសិក្សា ផ្សព្វផ្សាយ និងអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពី​កម្មសិទ្ធិបញ្ញានានាឱ្យមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរៀបចំគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិ បញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃសិទ្ធិអ្នកនិពន្ធ តក្កកម្មធនធានពន្ធុ ចំណេះដឹងជាប្រពៃណី វិញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់​កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សា​ហកម្មជំនាន់ទី៤។

សូមបញ្ជាក់ថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល បានកំណត់យកមូលបទ«ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ»។ បើតាមសម្តេចតេជោ ការកំណត់បែបនេះ ពិតជាមានភាព​ប្រទាក់ក្រឡាជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែក​ជំរុញស្រ្តីក្នុងគ្រប់វិស័យ​ឱ្យយល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីពង្រឹង​ភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការផ្តល់អាជ្ញាបណ្ណចំពោះម៉ាក សិទ្ធិនិពន្ធ និងការផ្ទេរបច្ចេកវិទ្យា ដែលជាការលើកទឹក​ចិត្តស្ត្រីឱ្យប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួន នៅក្នុងការបង្កើតថ្មី ដើម្បីបំពេញតម្រូវការរបស់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម