អ្នកភូមិ​ទ្រា​ត្បូង ផលិតចង្ក្រានឡូវ​ សឹង​មិន​ទាន់​ឲ្យ​ម៉ូយ បើ​ទោះ​ជា​មាន​វិបត្តិ​កូវីដ​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកភូមិ​ទ្រា​ត្បូង ផលិតចង្ក្រានឡូវ​ សឹង​មិន​ទាន់​ឲ្យ​ម៉ូយ បើ​ទោះ​ជា​មាន​វិបត្តិ​កូវីដ​​

Published

on

​ក្នុងពេល​ប្រទេស​កម្ពុជា​កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ​នេះ ​អ្នកភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ខិតខំ​ពង្រឹង​មុខរបរ​សិប្បកម្ម​ធ្វើ​ចង្ក្រានឡូវ​យ៉ាង​សស្រាក់សស្រាំ​ប្រចាំថ្ងៃ​ ដើម្បី​លក់​ចេញ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ឲ្យ​បាន​ធូរធារ​។

​លោកស្រី អ៊ឹម ស្រី​ពៅ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ចង្ក្រានឡូវ​នៅ​ភូមិ​ទ្រា​ត្បូង​ម្នាក់ នៅ​រសៀល​ថ្ងៃទី ២៨ ខែមករា ​ឆ្នាំ២០២១ នេះ​បាន​និយាយ​ឲ្យ​ដឹងថា ក្នុង​ពេល​ប្រទេស​កម្ពុ​ជាមាន​វិបត្តិ​ដោយ​ជំងឺ​កូ​វីដ​នេះ​មុខរបរ​ធ្វើ​ចង្ក្រានឡូវ​របស់​លោកស្រី ​ក៏ដូចជា​អ្នកស្រុក​ក្នុង​ភូមិ​ គឺ​បាន​ពង្រឹង​ការ ផលិត​ចង្ក្រានឡូវ​យ៉ាង​សស្រាក់សស្រាំ​ប្រចាំថ្ងៃ ដោយ​មិន​រារែក​ឡើយ ព្រោះ​មុខរបរ​នេះ​ គឺជា​ឆ្នាំងបាយ​របស់គាត់​ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ឲ្យ​បាន​ប្រសើរ​ឡើង ។

​ដោយឡែក​ការផលិត​ចង្ក្រានឡូវ​នេះ​ ត្រូវការ​ថវិកា​ជាដើម​ទុន​ច្រើន ​គឺ​ត្រូវ​ទិញ​ដីឥដ្ឋ​មានតម្លៃ​ក្នុង​មួយ​គោយន្ត ថ្លៃ​១០ ម៉ឺន​រៀល ទិញ​អុស មួយ​ម៉ែត្រ​គីប​ថ្លៃ ៣៥០០០​រៀល​ផេះ​អង្កាម​មួយ​ឡាន ៤​គីប ថ្លៃ​២៥ ម៉ឺន​រៀល។ ដោយឡែក​ក៏​ត្រូវ​ជួល​កម្មករ​ចំនួន​៥​នាក់ ឲ្យ​ជួយ​ផលិត​ចង្ក្រាន​នេះ​ ផង​ដែរ ដោយ​ត្រូវចំណាយ​ទៅលើ​អ្នក​ចាក់​ពុំ​ចង្ក្រាន​មួយៗ​ថ្លៃ​៣០០​រៀល អ្នក​ជៀរ​កាត់​មួយៗ​ថ្លៃ ៥០០​រៀល អ្នក​ច្រក​ចង្ក្រាន​មួយៗ​ថ្លៃ ៨០០ រៀល អ្នក​វ៉ៃ​កន្ឋាំង​ចង្ក្រាន​មួយៗ​ថ្លៃ ៥០០​រៀល និង​ជួល​កម្មករ​ឲ្យ​ជួយ​ដុត​ចម្អិន​ចង្ក្រាន​ផង​ដែរ ទើបបាន​ចង្ក្រាន​យក​ទៅលក់​បោះ​ឲ្យ​ម៉ូយ​។ ចំណែក​ថ្លៃ​ចង្ក្រាន​ល​ក់បោះ​ដុំ​វិញ​នោះ គឺ​ប្រភេទ​លេខ​១​ថ្លៃ ៦៣០០​រៀល ប្រភេទ​លេខ​២ ថ្លៃ ៧៣០០ រៀល​និង​ប្រភេទ​លេខ​៣ មួយ​ថ្លៃ ៨៣០០ រៀល ។ ចំពោះ​ម៉ូយ​របស់​លោកស្រី​វិញ​ គឺ​គេ​បាន​យកលុយ​មក​កក់​ឲ្យ​មុន​ក្នុង​មួយ​លើកៗ​រាប់​លាន​រៀល គឺ​លោក​ស្រី​មាន​កម្លាំង​ធ្វើ​មិនទាន់​ឲ្យ​គេ​ផង គឺ​មិន​ពិបាក​លក់​ចេញ​ឡើយ។​

​លោកស្រី សឹម សា វី ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ចង្ក្រានឡូវ​មួយទៀត​ នៅ​ក្នុង​ភូមិ​ទ្រា​បាន​និយាយ​ឲ្យ​ដឹងថា ចំពោះ​កម្មករ​ផលិត​ចង្ក្រានឡូវ​នេះ​ មាន​ជំនាញ​ផ្សេងៗ​គ្នា មាន​អ្នក​បោះ​ពុម្ព​ចង្ក្រាន អ្នក​វ៉ៃ​ធុង​ចង្ក្រាន អ្នក​ជៀរ​កាត់ អ្នក​ច្រក អ្នក​កិន​ដី​និង​អ្នក​ដុត​ជាដើម ដែល​ក្នុង​មួយ​ថ្ងែៗ ពួកគាត់​អាច​រកប្រាក់​ចំណូល​បាន​ពី​៣​ម៉ឺន​ទៅ ៤ ម៉ឺន​រៀល​ផង​ដែរ ទៅតាម​សមត្ថភាពជាក់ស្ដែង​។

​ប្រជាពលរដ្ឋ​ជា​អ្នក​ផលិត​ចង្ក្រាន សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ សូមជួយ​គាំទ្រ​ផលិតផល​ចង្ក្រាន​របស់​ខ្មែរ ដើម្បីឲ្យ​អ្នកស្រុក​មានការ​ងារ​ធ្វើ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង។ ម្យ៉ាងទៀត​ការផលិត​ច​ង្ក្រាន​នេះ​ ក៏​ជា​ការ​ជួយ​អភិរក្ស​កេរ​មរតក​ពី​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស​តទៅ​អនាគត ​ផង​ដែរ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕

អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ផ្លូវ​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ​ដំណើរការ​អ៊ុត​កៅស៊ូ​បាន​ជិត​៥០%​ហើយ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ20 mins ago

មន្ទីរពេទ្យ​រុស្សី ចាក់អង្រែ របេង ពេញអ្នក​ជំងឺ​អស់ យក​មណ្ឌល​ចត្តាឡីស័កព្យាបាលអ្នក​ឆ្លង​កូវីដ ១៩

ព័ត៌មានអន្ដរជាតិ23 mins ago

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ព័ត៌មានជាតិ11 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services