ព័ត៌មានអន្ដរជាតិ
Apple ធ្លាក់ដំណែងទីផ្សារនៅចិនដល់លេខ៦ ដោយការលក់ស្មាតហ្វូនធ្លាក់ចុះជាថ្មី
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះប្រមាណ ៦,៧ ភាគរយ កាលពីត្រីមាសទី២ ដោយធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ចំណាត់ថ្នាក់លើចំណែកទីផ្សារស្មាតហ្វូតរហូតដល់លេខ៦ ចំពេលដែលការប្រកួតប្រជែងក្នុងស្រុកចិន កើនឡើងកាន់តែខ្លាំងទៅៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យបង្ហាញថា ក្នុងត្រីមាសទី២ ដែលបញ្ចប់ទៅនៅចុងខែមិថុនា ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទម៉ាក iPhone លក់ស្មាតហ្វូនរបស់ខ្លួនបានត្រឹមតែ ៩,៧ លានគ្រឿងប៉ុណ្ណោះ ដោយវាធ្លាក់ចុះពី ១០,៤ លានគ្រឿងក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីការលំបាកផ្សេងៗ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ត្រូវប្រឈមមុខក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតទី៣របស់ខ្លួន ចំពេលដែលក្រុមហ៊ុនគូប្រជែងវាយលុកក្នុងសង្រ្គាមតម្លៃ និងបន្ថែមសន្ទុះសហការជាមួយខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។
ផ្ទុយទៅវិញ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ក្នុងត្រីមាសទី២ បានកើនឡើង ៤១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយការចេញលក់ទូរស័ព្ទស៊េរីថ្មី Pura 70 កាលពីខែមេសា។
ជាមួយគ្នានេះ ទិន្នន័យរបស់ Canalys បានបង្ហាញថា ចំណែកទីផ្សារនៅចិនរបស់ Apple បានថយចុះមកត្រឹម ១៤ ភាគរយ ពី ១៦ ភាគរយក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣។ ជាលទ្ធផលនៃការធ្លាក់ចុះនេះ ចំណាត់ថ្នាក់របស់ក្រុមហ៊ុន Apple ក្នុងចំណែកទីផ្សារស្មាតហ្វូននៅចិន បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៣ ដល់លេខ ៦ ។

Canalys បាននិយាយថា សរុបជារួម ការលក់ស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០ ភាគរយ ក្នុងត្រីមាសទី២។ ក្រុមហ៊ុន Vivo ឈរនៅលំដាប់កំពូល ក្នុងចំណែកទីផ្សារ ១៩ ភាគរយ បន្ទាប់មកគឺក្រុមហ៊ុន Oppo (១៦ ភាគរយ) ក្រុមហ៊ុន Honor (១៥ ភាគរយ) ក្រុមហ៊ុន Huawei (១៥ ភាគរយ) និងក្រុមហ៊ុន Xiaomi។
អ្នកវិភាគស្រាវជ្រាវនៅ Canalys លោក Lucas Zhong បានថ្លែងថា៖ «ក្រុមហ៊ុនផលិតក្នុងស្រុក បានដឹកនាំទីផ្សារដោយកាន់កាប់ដំណែងកំពូលៗទាំង៥ក្នុងទីផ្សារចិនដីគោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញ Apple ប្រឈមនឹងសម្ពាធចំពោះកំណើនក្នុងទីផ្សារចិន ហើយកំពុងផ្តោតយ៉ាងស្វិតស្វាញលើការបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្តទីផ្សារ»។
គួរគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តដណ្ដើមទីផ្សារមកវិញ ក្រុមហ៊ុន Apple បានធ្វើការលក់ស្មាតហ្វូនរបស់ខ្លួនបញ្ចុះតម្លៃទ្រង់ទ្រាយធំកាលពីខែឧសភា។ យ៉ាងណាមិញ អ្នកជំនាញនិយាយថា Huawei កំពុងឈរលើភាពរឹងមាំផ្នែកទីផ្សារ ដែលអាចឱ្យក្រុមហ៊ុននេះដំណើរការល្អពេញមួយឆ្នាំឆ្ពោះទៅឈរលើដំណែកទី១ ជាមួយនឹងការលក់ស្មាតហ្វូនលើស ៥០ លានគ្រឿង ក្នុងឆ្នាំ ២០២៤ នេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


