ព័ត៌មានជាតិ
រដ្ឋអំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថប្រយោជន៍នានា
លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីរូបនេះធ្វើឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកចូលរួមប្រមាណ ១.៥០០នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ក៏ជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។”

លោកថាការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។
លោកបានបន្ថែមទៀតថា៖ “ការចុះឈ្មោះក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ, ការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស), ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ, ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ, និងសេវាគាំពារសង្គមជាដើម។”
លោក ឃួង ស្រេង បានថ្លែងបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថាការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។

លោកបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ ឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន។
លោកថា៖«នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល»។

យោងតាមក្រសួង ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ។
ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បើតាមក្រសួង យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ ដើម្បីមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ និងក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ៕
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


