Connect with us

ព័ត៌មានជាតិ

រដ្ឋអនុម័តគម្រោងវិនិយោគ QIP  ចំនួន១២ ជាមួយទុន​ប្រមាណ ១២៨លានដុល្លារ​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនូវគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ចំនួន១២គម្រោងជាមួយទុនវិនិយោគប្រមាណ ១២៨ លានដុល្លារ លើវិស័យសំខាន់ៗនានានៅក្នុងខេត្តចំនួន៧ និងបង្កើតការងារប្រមាណ ៤,៦ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមសេចក្តីរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃ CDC នៅក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៥ ​បានពិនិត្យពិភាក្សា និងអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ​។ គម្រោងវិនិយោគទាំងនោះមាន​ទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ស្វាយរៀង កំពត កំពង់ឆ្នាំង និងកំពង់ធំ។

កម្រោងទាំងនោះនឹងផ្តោតវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត ជើងទ្រកំប៉ុង ក្រដាសជូតមាត់, ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ខារអំបោះ និងជ្រលក់ពណ៌, ផលិតផលិតផលធ្វើអំពីការកាវ, ផលិតបំពង់ទីបដែក, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតនុយសិប្បនិម្មិត និងសម្ភារៈស្ទូចត្រីគ្រប់ប្រភេទ, បង្កើតកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ ទា, ផលិតខ្សែភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈអគ្គិសនី, និងផលិតសម្ភារៈក្មេងលេង និងសត្វចិញ្ចឹម) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២៨០បន្ទប់)។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ​កម្ពុជាអនុម័តគម្រោងវិនិយោគគិតជា​ទឹក​ប្រាក់​ជាង ៤,២ ពាន់​លាន​ដុល្លារ មានការកើនឡើង ៥២% ​បើធៀបនឹងរយៈពេលដូចគ្នា​នៅក្នុងឆ្នាំ ២០២៤។ នេះ​បើយោង​​ (CDC) ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២៥។

យោងតាម ​CDC ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ​២៩០ គម្រោង ​កើនឡើង ១៣៧ គម្រោង ​ស្មើនឹង ៩០% ខណៈទុនវិនិយោគមានចំនួន ​៤,២ ពាន់លានដុល្លារ ​កើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២%។ ​

ក្នុងនោះទុនវិនិយោគនៅក្នុងវិស័យឧស្សាហកម្មមានជាង ៣,៦ ពាន់លានដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធចំនួន ៥៥៨ លានដុល្លារ និងទេសចរណ៍ចំនួន ២០ លានដុល្លារ។

សម្រាប់តែខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន ៥៩​គម្រោង ដែលមាន​ទុនវិនិយោគ ៨១៦លានដុល្លារ និងអាចបង្កើតការងារ​បាន​ប្រ​មាណ៤៤ពាន់ កន្លែង។

ការចុះបញ្ជីគម្រោង​វិនិយោគ​នៅក្នុងខែឧសភានេះ មាន​ការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈ​ទុនវិនិយោគ​​កើន​ឡើង​ប្រមាណ ៥៧០លានដុល្លារ ស្មើនឹងប្រមាណ ២៣១%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម