Connect with us

ជីវិតកម្សាន្ដ

មកដឹងខ្ទង់ចំណាយ និងរយៈពេលផលិត ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត”

បានផុស

នៅ

“ជីវិតក្មេងវត្ត” ជាខ្សែភាពយន្តចម្រៀង បរិយាយពីប្រវត្តិ និងជីវិតតស៊ូស្វែងរកចំណេះវិជ្ជាកាលពីកុមារភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្សែភាពយន្តចម្រៀងនេះ ត្រូវបាន សមាគមសិល្បករខ្មែរ ប្រើពេលផលិតជិត មួយឆ្នាំ និងចំណាយថវិកាអស់ជាង ១២ ម៉ឺនដុល្លារ ដោយបានដាក់សម្ពោធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានរយៈពេល ៣១នាទី ដែលមានអត្ថន័យ អត្ថរស និងខ្លឹមសារគ្រប់គ្រាន់ស្របតាមសាច់រឿងពិតរបស់សម្ដេចតេជោ ដ្បិតឈុតឆាកនីមួយៗ អ្នកដឹកនាំសម្ដែងលោក ហ្វៃ សំអាង ដោយបានគោរពសុំអនុសាសន៍ពី សម្តេចតេជោបន្ថែម ដើម្បីសម្រិតសម្រាំងឱ្យល្អបំផុត។

លោកស្រី ចន ច័ន្ទលក្ខិណា មានបញ្ជាក់ថា៖ “ភាពយន្តចម្រៀងនេះចំណាយអស់ជាង ១២ ម៉ឺនដុល្លារ ហើយផែនការបន្ទាប់ មានគម្រោងផលិតភាពយន្តចម្រៀងរបស់សម្ដេចពុកជាច្រើនទៀត។ ភាពយន្តចម្រៀងបទ “ជីវិតក្មេងវត្ត” ជាការផលិតឡើងដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុតពីគណៈគ្រប់គ្រងភាពយន្ត​ដែលចំណាយពេលថត និងកាត់តជិតមួយឆ្នាំ”។

លោកស្រី ចន ច័ន្ទលក្ខិណា លើកឡើងបន្តថា ការថតភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ក្រុមផលិតបានជួបនូវឧបសគ្គមួយចំនួន ដូចជាការស្វែងរកទីតាំងថត ស្ថានភាពអាកាសធាតុក្ដៅ ភ្លៀង ស្ថានភាពធ្វើដំណើរ និងបញ្ហាមួយចំនួនទៀត ប៉ុន្តែក្រុមផលិតបានពួតដៃគ្នាធ្វើកិច្ចការងារប្រកបដោយជោគជ័យ។

លោកស្រី ចន ច័ន្ទលក្ខិណា មានបញ្ជាក់ថា៖ “តួយ៉ាងទីតាំងលក្ខណៈបុរាណ មួយចំនួនត្រូវបានអភិវឌ្ឍកែ​ប្រែមុខមាត់ថ្មីដោយសារម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឆ្លៀសររបស់សម្តេចពុក ម្ល៉ោះហើយយើងមានការលំបាក​ក្នុងការស្វែងរកទីតាំងថត ប៉ុន្តែយើងខ្ញុំជាកូនជាចៅសប្បាយចិត្តពេលឃើញ ប្រទេសយើងមានការរីកចម្រើន។ ទីតាំងថតសំខាន់ៗរួមមាន វត្តនាគវន្ត វិទ្យាល័យឥន្ទ្រទេវី និងតំបន់ជើងភ្នំ មាត់បឹង…មួយចំនួនតាមបណ្តារាជធានីខេត្ត”។

គួរបញ្ជាក់ថា ចម្រៀង “ជីវិតក្មេងវត្ត” ជាស្នាដៃនិពន្ធ របស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ ១៩៩៦ សំនៀង ដើមលោក យិន សារិន និងច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា។ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានផលិតករ ៣ នាក់ ទី១ លោកស្រី ចន ច័ន្ទលក្ខិណា ទី២ ឧកញ៉ា ហេង ឡុង និងទី៣ ឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត។ ដឹកនាំសម្ដែងដោយលោក ហ្វៃ​ សំអាង តួអង្គសម្តែងមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ មាឌូ កញ្ញ នីតា វររង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម