Connect with us

ជីវិតកម្សាន្ដ

ភាពយន្តខ្មែរ២រឿង ដណ្តើមបានពាន “Best Short Film” និង “Best Leading Actress” ក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣

បានផុស

នៅ

មហោស្រពភាពយន្តកម្ពុជាអាស៊ី បានទទួលស្នាដៃភាពយន្តចូលរួមចំនួន១៥០ចំណងជើង ក្នុងនោះមានភាពយន្តខ្នាតវែងចំនួន ៦០ចំណងជើង និងភាពយន្តខ្នាតខ្លីចំនួន ៩០ចំណងជើង។ ឯពានរង្វាន់សរុបចំនួន ១៩ពាន បានផ្តល់ជូនផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្តែងឆ្នើម។

ក្នុងនោះដែរ ភាពយន្តខ្នាតខ្លីកម្ពុជាចំណងជើង « Respoken » ទទួលបានពានរង្វាន់ Best Short Film Director និង ពានរង្វាន់ Best Short Film។ ចំណែកភាពយន្តរឿង « ភ្លើងឆេះក្លឹបក្រោមដី » របស់ផលិតកម្ម LD Entertainment ទទួលបានពានរង្វាន់តួឯកស្រីឆ្នើម “Best Leading Actress” ដែលមានកញ្ញា ជា សុភាព ជាតួសម្តែង។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជីញជាអធិបតីភាព កម្មវិធីកម្រាលព្រំក្រហម និងប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៣ កាលពីល្ងាចថ្ងៃទី៦ កញ្ញានេះ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានគូសបញ្ជាក់ពីតម្លៃការរៀបចំមហាស្រពភាពយន្តនេះ ថាបានលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។

ជាពិសេសលើវិស័យភាពយន្ត ដោយចាត់ទុកថា ជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើងទាំងអស់គ្នា។

បណ្ឌិតសភាចារ្យ សង្ឃឹមថា ភាពជាដៃគូដែលបានបង្កើតឡើងនៅទីនេះ នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការផលិត ការផ្លាស់ប្តូរបច្ចេកទេស និងការចែករំលែកភាពច្នៃប្រឌិតរួមគ្នានៅក្នុងឧស្សាហកម្មភាពយន្តនាពេលអនាគត ដើម្បីរួមចំណែកដល់ការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពនៃវិស័យភាពយន្ត និងរក្សាបាននូវភាពសំបូរបែបនៃបេតិកភណ្ឌវប្បធម៌របស់យើង។

សូមបញ្ជាក់ផងដែរ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានកម្មវិធីអមមួយចំនួន ដូចជាការចាក់បញ្ចាំងភាពយន្ត វេទិកាជជែកអំពីឧស្សាហកម្មភាពយន្ត និងពិធីដើរលើកម្រាលព្រំក្រហមនិងប្រគល់ពានរង្វាន់។ មហោស្រពនេះសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី (CAFF) ព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម