ជីវិតកម្សាន្ដ
តារាហូលីវូដ Maurice សម្លឹងឃើញឱកាសនាំយុវជនខ្មែរទៅសម្តែងក្រៅប្រទេស
តារាសម្តែងវាយតប់ហូលីវូដ Maurice Chan ចាប់ផ្តើមថតខ្សែភាពយន្តវាយតប់ខ្លីនៅក្នុងប្រទេសកម្ពុជា ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានមកហ្វឹកហាត់ត្រៀមសម្តែងរយៈពេលជាងមួយសប្តាហ៍កន្លងទៅ។

លោក Maurice Chan ដែលបុរសខ្មែរកើតនៅប្រទេសបារាំងបានប្រាប់ថា លោកបានមកប្រទេសកម្ពុជារយៈពេលជាងមួយសប្តាហ៍ហើយដើម្បីប្រមូលផ្តុំយុវជនមានទេពកោសល្យផ្នែកក្បាច់គុនសម្រាប់ការហ្វឹកហាត់ត្រៀមថតខ្សែភាពយន្តវាយតប់ខ្លីមួយ។ រឿងខ្លីនេះមានយុវជ និងយុវជននារីខ្មែរដែលមានបទពិសោធក្បាច់គុនផ្នែកល្បុក្កតោ និងគុនខ្មែរប្រហែលជា១៥នាក់ត្រូវចូលរួមសម្តែងជាមួយលោក។
បុរសដែលសម្តែងជាតួវាយតប់ (Stunt) ក្នុងខ្សែភាពយន្តហូលីវូដជាច្រើនបានបង្ហើបថា ភាពយន្តខ្លីវាយតប់នេះគឺលោកចង់រំលេចចេញពីវប្បធម៌ និងក្បាច់គុនខ្មែរ។ លោកមិនទាន់បង្ហើបពីចំណងជើងរឿងទេ ប៉ុន្តែជារឿងដែលមានកម្លាំងពិសេសមួយក្រុមរួមដៃគ្នាបង្ក្រាបពួកជួញដូរថ្នាំកាចសាហាវ។

លោក Maurice បានប្រាប់ថា លោកមកថតរឿងខ្លីនៅខ្មែរនេះមិនមែនដើម្បីចង់បានកេរ្តិ៍ឈ្មោះខ្លួនឯងទេ ប៉ុន្តែចង់ចែករំលែកបទពិសោធ ចំណេះជំនាញដែលធ្លាប់សម្តែងក្នុងរឿងហូលីវូដដល់យុវជនកម្ពុជាដែលមានទេពកោសល្យ។ នេះជាលើកដំបូងដែលលោកមកថតរឿងនៅប្រទេសកម្ពុជា។
«នេះជាអ្វីដែលខ្ញុំមានបំណងច្រើនឆ្នាំហើយ។ ខ្ញុំយល់ឃើញថា យុវជនកម្ពុជាមានទេពកោសល្យក្បាច់គុនច្រើន ប៉ុន្តែពួកគាត់អត់មានឱកាស។ អីចឹងខ្ញុំយកបទពិសោធផ្ទាល់ខ្លួនមកចែករំលែកដល់យុវជនខ្មែរឲ្យយល់ពីរបៀបសម្តែងវាយតប់កម្រិតស្តង់ដា។ យុវជនកម្ពុជាប្រៀបដូចជាដុំពេជ្រមិនទាន់ច្នៃ ដូច្នេះយើងច្នៃពួកគាត់ឲ្យមានពន្លឺ»។ តារាភាពយន្តហូលីវីដបានប្រាប់។

លោកបានលើកឡើងថា ភាពយន្តវាយតប់ខ្នាតខ្លីនេះអាចជាការបើកទ្វារមួយដើម្បីឲ្យពិភពភាពយន្តក្រៅប្រទេសចាប់អារម្មណ៍នឹងការសម្តែងរបស់ក្រុមយុវជនកម្ពុជា។ លោកក៏មានគម្រោងផ្ទាល់ខ្លួន និងការងារសម្តែងជាមួយហូលីវូដជាច្រើន។ ប្រសិនបើភាពយន្តថ្មីនេះទាក់ចិត្តផលិតករអន្តរជាតិ គឺជាការបើកទ្វារទីផ្សារសម្រាប់យុវជនកម្ពុជា។ នៅពេលគេត្រូវការក្រុមសម្តែងវាយតប់ ច្បាស់ណាស់លោកនឹងជ្រើសរើសយកក្រុមយុវជនកម្ពុជាទៅសម្តែងជាមួយ។
លោកមានប្រសាសន៍ថា ៖«ខ្ញុំមានគម្រោងផ្ទាល់ខ្លួនច្រើន ហើយក៏ចង់នាំក្រុមផលិតភាពយន្តនៅបារាំងមកថតនៅខ្មែរដែរ។ ខ្ញុំមកនេះមិនជ្រើសរើសយុវជនមានទេពកោសល្យទុកខ្លួនឯង។ ប្រសិនបើផលិតកម្មក្រៅប្រទេសដូចជាបារាំង អាមេរិក ឬកន្លែងផ្សេង គេចាប់អារម្មណ៍នឹងនាំយុវជនកម្ពុជាទៅ។ នេះជាគោលដៅធំរបស់ខ្ញុំ»។

តាមការឲ្យដឹងពីលោក Maurice Chan ខ្សែភាពយន្តវាយតប់ដែលថតនៅកម្ពុជានឹងដាក់ផ្សាយតាមអនឡាញសម្រាប់អ្នកទស្សនាទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក។ លោកគ្រោងប្រើពេលថត២សប្តាហ៍នៅកម្ពុជាមុនពេលលោកត្រឡប់ទៅប្រទេសបារាំងវិញមុនពេលបុណ្យចូលថ្មីប្រពៃណីខ្មែរ។ យុវជនកម្ពុជាដែលចូលរួមសម្តែងមានដូចជា កញ្ញា សុំ ថារ័ត្ន ដែលធ្លាប់សម្តែងក្នុងរឿងហូលីវូដ កីឡាការិនីល្បុក្កតោ ចិន្តារ័ត្ន កីឡាករខ្មែរ-បារាំង Derek Bidaut និងយុវជនជាច្រើនរូបទៀត។

លោក Maurice Chan ធ្លាប់បានសម្ដែងជាតួ Stunt ក្នុងខ្សែភាពយន្តហូលីវូដជាច្រើន។ កាលពីពេលថ្មីៗនេះលោកទើបតែបញ្ចប់ថតរឿងខ្នាតធំ«Jack Ryan» និងនៅមានគម្រោងថតជាច្រើនទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


