Connect with us

ជីវិតកម្សាន្ដ

ប្រធានសមាគមសិល្បករខ្មែរ​ ដឹកនាំសិល្បករសិល្បការិនីសួរសុខទុក្ខកងទ័ពតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ

បានផុស

នៅ

ក្នុងស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនីជាង ១០០នាក់ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនឹងវីរៈកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ។

ដំណើរចុះទៅកាន់ខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានថវិកាសរុបប្រមាណជាង ៥០ម៉ឺនដុល្លារ ហើយថវិកានិងគ្រឿងឧបភោគបរិភោគទាំងនោះ ត្រូវប្រគល់ជូនរាជរដ្ឋាភិបាលចាត់ចែងតាមភាពជាក់ស្តែង ក្នុងការងារនិងបច្ចេកទេសកងទ័ពកម្ពុជា។

វត្តមាននៅតំបន់ជួរមុខនាពេលនេះ លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េងប្រធានប្រតិភូសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នៅថ្ងៃនេះជាបេសកកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែលថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរបានមូលមតិគ្នារៀបចំនូវរបស់របរប្រើប្រាស់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្សេងទៀតធ្វើដំណើរដោយផ្ទាល់មកទីនេះ។

លោកជំទាវប្រធានសមាគមបានឲ្យដឹងទៀតថា ក្នុងន័យគឺចង់បញ្ជាក់ពីក្តីគោរពស្រលាញ់សាមគ្គីភាពរួមគ្នាជាធ្លុងមួយ ក្នុងនាមខ្មែរតែមួយ ហើយការលះបង់ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ពិតមានទំហំធំធេងមិនអាចគណនាបានទោះបីក្នុងកាលៈទេសៈណាបេះដូងដែលមានឈាមជ័រខ្មែរតែមួយ ពួកយើងនឹងបន្តកៀកស្មារួមគ្នាជានិច្ច។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ថា ថ្វីដ្បិតថាទាំងចំនួនថវិកា, របស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែធាតុពិតនៅពីក្រោយនេះគឺស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខនិងសមរភូមិក្រោយដើម្បីការពារសុខសន្តិភាពបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិកម្ពុជាយើង។

មានវត្តមានឈរជើងយ៉ាងអង់អាចនៅតំបន់ជួរមុខ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហប ណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាអគ្គមេបញ្ជាការមេបញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូសមាគមសិល្បករខ្មែរផងដែរ៕ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម